(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា «ចំពោះការសំណូមពរពន្យាពេល នៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ យើងនឹងជជែក ពិភាក្សា ពិចារណាតាម​ភាព​ជាក់ស្ដែង និងចាំបាច់»។

លោករដ្ឋមន្ដ្រី បានបន្ដថា ២២ឆ្នាំហើយ រាជរដ្ឋាភិបាលមិនបានឡើងថ្លៃនោះទេ នេះជាការកែសម្រួលថ្លៃតែប៉ុណ្ណោះ ហើយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ គាត់មិនមានការ​ជំទាស់ទេ ចំពោះការសម្រួលតម្លៃ សម្រាប់ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើយ។

ការថ្លែងរបស់លោករដ្ឋមន្ដ្រី បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ ត្រីមាសទី២ ឆ្នាំ២០១៦ ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំ​នេះ ក៏មានការចូលរួមពីលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អគ្គនាយករងអាជ្ញាធរជាតិអប្សរា មន្រ្តីរាជការសមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជិត៣០០នាក់ ដែលធ្វើឡើនៅសាលប្រជុំខេត្តសៀមរាម។

ក្នុងនោះដែរ លោក សុភា នាយកប្រតិបត្តិនៃក្រុមហ៊ុនអប្សរាអង្គរ លើកឡើងថា គម្រោងដែលរដ្ឋាភិបាល បានគ្រោងដំឡើងតម្លៃ សម្រាប់ការលក់​សំបុត្រចូល​ទស្សនា​រមណីយ៍ដ្ឋានអង្គរ នាឆ្នាំក្រោយនេះ បើគិតតម្លៃសំបុត្រ វាកើនមែនតែបើគិតអំពីកំណើនសេដ្ឋកិច្ច និងតម្លៃទំនិញនៅតាមទីផ្សារ ក៏មានការលើងថ្លៃដែរ ចឹងអាចនិយាយបានថា អាចកែតម្រូវ​តម្លៃឲ្យមានភាពប្រសើរជាង គឺលោកមិនជំទាស់ទេ លោកគ្រាន់តែសុំឲ្យមានការពន្យាពេល និងដើម្បីឲ្យទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ មានឱកាសគ្រប់គ្រាន់ក្នុងការជូនដំណឹង ដល់ដៃគូរនៅក្រៅប្រទេស គឺយ៉ាងតិចរយៈពេល១ឆ្នាំដែរ ព្រោះបានចេញលក់កញ្ចប់ទេសចរណ៍ ឲ្យដៃគូរ១ឆ្នាំម្តងហើយ។ 

ដើម្បីជាការឆ្លើយតបលោករដ្ឋមន្ដ្រីបាន បញ្ជាក់ថា «ការកែសម្រួលតម្លៃនេះ យើងក៏បានគិតគូរ អំពីការបង្កើតឲ្យមានផលិតផលទេសចរណ៍ថ្មីជាច្រើនបន្ថែមទៀងផងដែរ ដូចជា សណ្ឋាគារកំរិតផ្កាយ៤-៥ ឲ្យ​បានច្រើនគ្រាប់គ្រាន់ កន្លែងកំសាន្ដ រមណីយដ្ឋានឲ្យបានល្អប្រសើរ ប្រកបដោយការទាក់ទាញ ហើយត្រូវពង្រឹងគុណភាពសេវា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងអស់នេះជាយុទ្ធសាស្រ្តរបស់យើង ហើយដើម្បី​ត្រៀមទទួលនូវកំណើនទេសចរណ៍ នាថ្ងៃខាងមុខនេះ ក្នុងនោះដូចជាភ្ញៀវទេសចរណ៍ចិន ជាដើម China Ready នេះសំខាន់ណាស់»។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា៖ ការសំណូមពរនេះ យើងនឹងពិភាក្សាគ្នាជាក់ស្តែង ព្រោះកិច្ចសន្យាមួយឆ្នាំ មិនមានច្រើននោះទេ៕