(អាមេរិក)៖ តំណាងស្ថាប័នធំៗនៅកម្ពុជា ចូលរួមកិច្ចប្រជុំមួយ ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្ម បច្ចេកវិទ្យាព័ត៌មាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនេះស្ថាប័នដែលចូលរួមមាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ក្នងអំឡុងពេលបំពេញបេសកកម្មនេះ ប្រតិភូកម្ពុជានឹងជួបទំនាក់ទំនងការងារជាមួយ ក្រសួងយុត្តិធម៌អាមេរិក តំណាង FBI ក្រសួងសន្តិសុខជាតិ ព្រមទាំងតំណាងក្រុមហ៊ុន Facebook ផងដែរ។

លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូបានបញ្ជាក់ថា ដោយសារបច្ចុប្បន្នការវិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន នៅលើសកលលោកក៏ដូចនៅកម្ពុជាដែរ កំពុងមានភាពរីកចម្រើន មិនថានៅស្ថាប័នរដ្ឋ ឬវិស័យឯកជន បាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យា កុំព្យូទ័រ ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ការងាររបស់ខ្លួន ឲ្យមានភាពល្អប្រសើរ។ លោកបន្ដថា ទន្ទឹមនឹងការវិវឌ្ឍនៃភាពរីកចម្រើននេះ ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាព័ត៌មាន ក៏អាចរងផលប៉ះពាល់សង្គមដែរ គឺធ្វើឲ្យមានភាពអសន្ដិសុខសង្គម លើវិស័យផ្សេងៗ ដូចជាវិស័យធនាគារ មានការលួចយកព័ត៌មានសម្ងាត់ ការបន្លំឥណទាន ការកែច្នៃឧបករណ៍ដើម្បីលួចលេខសម្ងាត់លើម៉ាស៊ីនទូទាត់ប្រាក់ ប្រសិនបើយើងមិនអាចគ្រប់គ្រង និងទប់ស្កាត់ បាន។

លោកបន្ថែមថា បណ្ដាញសង្គម Facebook វិញ ជាប្រព័ន្ធមួយដែលចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព តែក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាស ប្រើបណ្ដាញសង្គមនេះ ធ្វើជាមធ្យោបាយក្នុងការឆបោកព័ត៌មាន ក្នុងគោលបំណងទុច្ចរិត ជេរប្រមាថ មួលបង្កាត់ បរិហារកេរ្ដិ៍ ផ្សេងៗ ដែលទាមទារឲ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណជនដែលខិលខូចនោះអោយបាន  និងអនុវត្តទោសទៅតាមច្បាប់ ។

លោក ប៉ុល លឹម បានបញ្ជាក់ថា ហេតុដូចនេះហើយទើបកម្ពុជា បានផ្ដើមគំនិតទប់ស្កាត់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការចូលរួម ធ្វើសិក្ខាសាលានានាស្ដីពី សន្ដិសុខអ៊ីនធឺណែត និងមកធ្វើទស្សនកិច្ចដកស្រង់ បទពិសោធន៍ នៅសហរដ្ឋអាមេរិកនាពេលនេះ។ ទន្ទឹមនេះក្រសួងមហាផ្ទៃក៏បាន កំពុងតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន នេះផងដែរ ៕