(ភ្នំពេញ)៖ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ធ្វើយ៉ាងណាជួយសម្រួល ដល់ការបំពេញបែបបទរបស់កម្មករ និយោជិត ដើម្បីឱ្យពួកគេ បានចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានដែលពួកគេធ្វើការ និងរស់នៅ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុគ្រោះឱ្យកម្មករ និយោជិត អាចចុះឈ្មោះ និងបោះឆ្នោត នៅឃុំ-សង្កាត់ ដែលពួកគេកំពុងបំពេញការងារបាន ដោយពុំចាំបាច់ទៅចុះឈ្មោះ បោះឆ្នោតនៅស្រុកកំណើតនោះទេ។

លោក ហ្វា សាលី បានគាំទ្រទៅនឹងការលើកឡើងនេះ ហើយអំពាវនាវថា «យើងសូមអំពាវនាវដល់គ្រប់ស្ថាប័ន សមត្ថកិច្ច សូមមេត្តាជួយសម្រួលយ៉ាងណា គឺឱ្យបានងាយស្រួលសម្រាប់កម្មករកម្មការិនីយើង ងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត ឱ្យពួកគាត់បានចុះឈ្មោះគ្រប់ៗគ្នា»

លោក បានសម្តែងការបារម្ភថា ការបំពេញបែបបទនានាជូនកម្មករនៅតាមឃុំ-សង្កាត់ អាចនឹងមានភាពយឺតយ៉ាវ បើសិនជាមិនមានការជួយសម្រួល ពីអាជ្ញាធរនៅតាមមូលដ្ឋានទេនោះ។

ឆ្លើយតបនឹងសំណើនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងជួយសម្រួលក្នុងការ បំពេញបែបបទជូនកម្មករ នៅគ្រប់មូលដ្ឋាន ដើម្បីឱ្យពួកគេអាចចុះឈ្មោះបោះឆ្នោត នៅកន្លែងដែលពួកគេធ្វើការ និងកំពុងរស់នៅ។ លោកថា «អាជ្ញាធរបានត្រៀមខ្លួនរួចជានិច្ច ក្នុងការឆ្លើយតបនឹងសំណូមពរទាំងឡាយ ដើម្បីជួយសម្រួលឱ្យបងប្អូនកម្មករ បានទៅចុះឈ្មោះបោះឆ្នោត តាមដែលច្បាប់បានតម្រូវ»

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ ក្នុងពិធីតភ្ជាប់ស្ពានកោះធំ ក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា កម្មករ និយោជិតទាំងអស់ ក៏អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នៅមូលដ្ឋានដែលពួកគេធ្វើការបានដែរ ដោយមិនចាំបាច់ទៅចុះឈ្មោះ និងបោះឆ្នោត នៅស្រុកកំណើតទេ។ អ្នកធ្វើការនៅភ្នំពេញ ក៏អាចចុះឈ្មោះបោះឆ្នោតនៅភ្នំពេញបានដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានដែលពួកគេកំពុងធ្វើការ ឬរស់នៅបាន ដោយគ្រាន់តែបំពេញបែបបទមួយចំនួនប៉ុណ្ណោះ។ លោកថា សម្រាប់អ្នកមានអត្តសញ្ញាណបណ្ណនៅខេត្តដទៃ បើចង់ចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ ត្រូវមានលិខិតបញ្ជាក់ការស្នាក់នៅក្នុងភ្នំពេញ ដោយឡែកសម្រាប់អ្នកដែលអត់មានអត្តសញ្ញាណបណ្ណ ត្រូវមានលិខិតបញ្ជាក់អត្តសញ្ញាណជាមុន ហើយត្រូវមានលិខិតបញ្ជាក់ទីលំនៅជាមួយទៀត។

សហជីព និងកម្មករជាច្រើន បានសាទរយ៉ាងខ្លាំងចំពោះអនុសាសន៍របស់រាជរដ្ឋាភិបាល និង គ.ជ.ប ក្នុងការជួយសម្រួលដល់កម្មករបានចុះឈ្មោះបោះឆ្នោត នៅមូលដ្ឋានដែលពួកគេកំពុងរស់នៅ និងធ្វើការនាពេលនេះ៕