(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា​ ប្រចាំស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសសុពលភាពសមាជិកថ្មីៗ ប្រមាណ១៦១៧នាក់ ដែលភាគច្រើនជាយុវជន អាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ពិធីប្រកាសសុពលភាពសមាជិកថ្មីរបស់ CPP ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍​
ហ៊ីង​ ប៊ុនហៀង​ សមាជិកគណៈកម្មាធិការកណ្ដាល​ និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃការបង្រួបបង្រួមជាតិ មានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវមានភាពចាស់ទុំខាងនយោបាយ បម្រើប្រជាជន និងប្រទេសជាតិពិតប្រាកដ រួមសុខទុក្ខជាមួយប្រជាជន បានដឹកនាំប្រទេសឱ្យមានសុខសន្តិភាពស្ថិរភាពនយោបាយ លទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស​និងការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ធ្វើឱ្យពិភពលោកស្គាល់កម្ពុជា មានកិត្តិយសនៅលើឆាកអន្តរជាតិ។​

លោកថា សមាជិកគណបក្សប្រជាជនកម្ពុជា​ ត្រូវធ្វើតែអំពើល្អ​បំរើប្រជាជនដោយទឹកចិត្តស្មោះត្រង់​ ហើយក៏បានផ្សព្វផ្សាយ ពីគោលនយោបាយ​ របស់គណបក្សប្រជាជនកម្ពុជា​ ព្រមទាំងបានផ្តល់ឱកាសអោយ​សមាជិកថ្មីទាំងអស់ ដែលមានសំណូពពររឺ​ បញ្ហាប្រឈមនាៗឡើងមកសាកសួរ​ រាល់ចម្ងល់ផ្សេងៗដែលកើតមានឡើង៕