(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង៤៖៣០រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានសម្រេចចោទប្រកាន់ លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូលហើយពីបទវិតិក្រម និងរំលោភអំណាច។

លោក វ៉ាត​ ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ។ ក្រឡាបញ្ជី​តុលាការកំពូលដែលទើបនឹងផ្លាស់មកពីខេត្តប៉ៃលិនរូបនេះ ក៏ត្រូវបាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកដល់តុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះដែរ។

លោក លី សុផាណា ដែលទទួលចាត់ការលើសំណុំរឿងនេះ បានប្រាប់ ក្រុមអ្នកសារព័ត៌មានថា «ក្រោយពីបញ្ចប់ការសួរចម្លើិយ  ការពិនិត្យឯកសារនិងភស្តុតាងក្នុងសំណុំរឿង តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការសើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទ វិតិក្រម និងបទ រំលោភអំណាច តាមបញ្ញត្តិមាត្រា ៥៩២ មាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ និងមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយបញ្ជូនទៅចៅក្រមសើបសួរ ដើម្បីចាត់ការបន្ត»

ទោះជាយ៉ាងណាទាំងតំណាងអយ្យការ ទាំងលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ពុំបានបញ្ជាក់លម្អិតថាតើ លោក វ៉ាត ពិសិដ្ឋ បានប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងអ្វីនោះទេ៕