(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបករណីលក់ ចែកចាយ ប្រើប្រាស់គ្រឿងញៀនមួយករណីទៀត ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ និងដកហូតថ្នាំ២៥កញ្ចប់។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង៤រសៀលទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយស្ថានទូតបារាំង ភូមិ២០ សង្កាត់ស្រះចក។

បើតាមមន្រ្តីអាវុធហត្ថ ក្រៅពីការដកហូតថ្នាំញៀនទាំង២៥កញ្ចប់ កម្លាំងប្រតិបត្តិការ ក៏បានដកហូតជញ្ជីងសំរាប់ថ្លឹង ឧបករណ៍សម្រាប់ជក់មួយចំនួន និង ម៉ូតូ ចំនួន៣គ្រឿងផងដែរ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អហខណ្ឌដេីម្បីចាត់ការបន្ត៕