(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិកមកពី ១៦ប្រទេសនៅលើសកលលោក បានមេដាយជូនជាតិរបស់គេហើយ នៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ក្នុងនោះដែរ អាមេរិក និងកូរ៉េខាងត្បូង កំពុងនាំមុខគេបណ្តោះអាសន្ន គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី០៧ ខែសីហា ម៉ោងនៅកម្ពុជា ស្មើនឹងយប់នៅប្រេស៊ីល។

គេហទំព័រផ្លូវការរបស់ Rio 2016 ក៏បានឲ្យដឹងដែរថា ការឈ្នះមេដាយនៃអត្តពលិកមកពី ១៦ប្រទេសខាងលើនេះ គឺបានបញ្ចប់វិញ្ញាសាខ្លះៗ នៃប្រភេទកីឡាបាញ់ធ្នូ បាល់បោះ គុនដាវ យូដូ បាញ់កាំភ្លើង បាល់ទះ ហុកគី និងកីឡាតេន្នីស។

ចំនួនមេដាយមាស ៧គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង សរុបមេដាយ ២៣គ្រឿង បានប្រគល់ជូនអត្តពលិករួចរាល់ហើយដែរ។

ទន្ទឹមគ្នានោះ ប្រទេស ៧ ដែលស្ថិតក្នុងទ្វីបអាស៊ីមានដូចជា កូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី វៀតណាម អ៊ូបេគីស្ថាន កាហ្សាក់ស្ថាន និងអាហ្វហ្គានីស្ថាន ក៏បានឈ្នះមេដាយនឹងគេដែរ គ្រាដែលម្ចាស់ផ្ទះប្រេស៊ីល ទើបតែឈ្នះមេដាយប្រាក់១គ្រឿងទេ និងរុស្ស៊ី ឈ្នះមេដាយមាស ១គ្រឿងដែរ។

ដោយឡែកសម្រាប់កម្ពុជា ដែលមាន៤ប្រភេទកីឡាចូលរួមនឹងគេដែរមាន កីឡាតេក្វាន់ដូ ហែលទឹក បោកចំបាប់ និងកីឡាអត្តពលកម្មនោះ មិនទាន់ធ្វើការប្រកួតនៅឡើយទេ ដោយនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៩ សីហាតទៅ៕