(កំពង់ឆ្នាំង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារអនុវត្តគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រពអាចាង ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលគម្រោងមួយនេះក្រោយពេលសាសង់រួចនោះ នឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីដាំដុះជាង១ម៉ឺនហិកតា។

នៅក្នុងការចុះពិនិត្យធ្វើឡើងនៅ រសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសសង់ ឲ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស សំដៅធ្វើយ៉ាណា ឲ្យរាល់សំណង់ដែលបានសាងសង់រួចមានគុណភាព ល្អ ធានាដល់ការប្រើប្រាស់បានស្ថិតស្ថេរយូរអង្វែង។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យការអនុវត្តគម្រោងនេះប្រព្រិត្ត​ទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

 ជាមួយគ្នានេះលោករដ្ឋមន្ត្រី លឹម គានហោ ក៏បានណែនាំដល់ក្រុមការងារ ជម្រុញការដោះស្រាយផលប៉ះពាល់ជូនបងប្អូន​ ប្រជាពលរដ្ឋ ដែលមានផ្ទៃដីប៉ះពាល់ដោយសារគម្រោងឲ្យបានឆាប់ ។

សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង មានទីតាំងគ្របដណ្តប់លើឃុំចំនួន០៨នៃស្រុកបរិបូណ៍ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្ត កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយមានទំហំការងារ៖ សាងសង់សំណង់មេស្ទាក់ទឹក ចំនួន០១កន្លែង, ជីកប្រឡាយមេ០១ខ្សែ ប្រវែង១៩,៥ គីឡូម៉ែត្រ, ជីកប្រឡាយរងចំនួន១០ខ្សែ សរុបប្រវែង២៩,៨៧ គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការតូចធំ សរុបចំនួន២២៤កន្លែង ។

គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ នេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ៨៥ %ហើយ ។ក្រោយពេលបញ្ចប់គម្រោង ប្រព័ន្ធស្រោចស្រពអាចាង នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារ បង្កបង្កើនផលស្រូវលើផ្ទៃដី ប្រមាណ ១០.៣០០ ហិកតា របស់បងប្អូនប្រជាកសិករស្ថិតនៅក្នុងឃុំអញ្ចាញរូង ពេជ្រចង្វារ ពពាល ផ្សារ ខុនរុង្គ ពន្លៃ ចក និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធអាចាង ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោមស្ទឹងបរិបូណ៍ផងដែរ ៕