(បាត់ដំបង)​៖ ​ឡានក្រុងពីរជាន់របស់ក្រុមហ៊ុន​រិទ្ធមុន្នី មួយគ្រឿងត្រូវបានភ្លើងឆាបឆេះទាំងស្រុងដោយពុំដឹងមូលហេតុ និងបណ្តាលឲ្យស្ត្រីជាអ្នកដំណើរម្នាក់ បានស្លាប់យ៉ាងវេទនា ​នៅក្នុងភ្នក់ភ្លើង​នោះ​។ ហេតុការណ៌ខាងលើនេះបានកើតឡើងនាម៉ោង១០៖៤០​នាទីយប់ ថ្ងៃទី​០៦​ ខែសីហា​ ឆ្នាំ២០១៦​ ត្រង់ចំណុចហួស​ រង្វង់មូលរំសាយសក់​ ស្ថិតនៅក្នុងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

អ្នកដែលឃើញហេតុការណ៌បានប្រាប់ថា នៅវេលាខាងលើគេបានឃើញឡានក្រុងរបស់ក្រុមហ៊ុន​ រិទ្ធមុន្នី​ ដែលឆេះខាងលើបានបើកចេញពីក្រុង បាត់ដំបង ឆ្ពោះទៅទីក្រុងភ្នំពេញ ​ស្រាប់តែកំពុងបើកសុខៗគេបានឃើញផ្សែងហ៊ុយចេញពីរថយន្តក្រុងនោ ​ហើយបង្កជាអណ្តាលភ្លើងភ្លាមៗឃើញដូចនោះអ្នកបើកបរ ក៏បានឈប់រថយន្តឲ្យអ្នកដំណើរដែលជិះនៅក្នុងនោះ​នាំគ្នារត់ចុះចេញ ពីរថយន្តទាំងភ័យស្លន់ស្លោ​រ​ ដោយអ្នកខ្លះពុំបានយករបស់របរចេញទាន់ឡើយ។

បន្ទាប់ពីអ្នកដំណើររត់ចុះ ហើយគេបានឃើញរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ពន្លត់ផងដែរ​ តែជួយមិនបាននោះទេធ្វើឲ្យរថយន្តក្រុង នោះនៅតែឆេះទាំងស្រុង​ដដែល​។

បន្ទាប់ពីឆេះអស់ហើយ​ អ្វីដែលគួរឲ្យរន្ធត់នោះគឺសមត្ថកិច្ចបានឡើងទៅមើលលើរថយន្តក៏ប្រទះឃើញស្ត្រីជាអ្នកដំណើរម្នាក់ បានឆេះស្លាប់ នៅក្នុងភ្នក់ភ្លើងនោះយ៉ាងវេទនាបំផុត​។

សមត្ថកិច្ចបានបញ្ជាក់ថា ការឆេះនេះពុំទាន់ដឹងថា ពីមូលហេតុនៅឡើយទេ​ ហើយសម្ភារដែលខូចខាតនោះក៏ពុំទាន់ដឹង​ដែរ​ គឺត្រឹមតែដឹងថា មានអ្នកដំណើរជាស្ត្រីម្នាក់បានឆេះស្លាប់នៅក្នុងនោះ​ ។

ក្រោយកើតហេតុរថយន្តឆេះនៅសល់តែគ្រោងឆ្អឹងនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកស្ទួចយកទៅរក្សាទុក​នៅការិយាល័យចរាចរណ៌ ក្រុងបាត់ដំបង ដើម្បីរងចាំខាងតំណាងក្រុមហ៊ុន​ ចូលមកដោះស្រាយគ្នានៅពេលក្រោយ​៕