(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន៥ពាន់ដុល្លារអាមេរិក ដល់ «សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា» ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ដំណើរការ និងរក្សាបាននូវនិរន្តភាព នៃដំណើរការរបស់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានដ៏ថ្មីសន្លាងមួយនេះ។

លោក ហ៊ុយ វណ្ណៈ ប្រធាន «សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា» បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់លោករដ្ឋមន្រ្តី ហើយបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាបង្កើត «សហភាពសហព័ន្ធ អ្នកសារព័ត៌មាន (ស.ស.ស.ក)»។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្រុមថ្នាក់ដឹកនាំមកពីស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា បានជួបគ្នាចងក្រងបង្កើត សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា, នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ ពួកគេបានជួបជុំគ្នា ដើម្បីរៀបចំចងក្រងលក្ខន្តិកៈនានា។

លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ CTN CNC និង MYTV និងជាប្រធាន សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ការរួមគ្នាបង្កើតសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដើម្បីជួយឲ្យសេរីភាពសារព័ត៌មាន សេរីភាពការសម្តែងមតិ និង ការបោះពុម្ពផ្សាយកាន់តែបានល្អប្រសើរជាបន្តទៀត។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ក្នុងពិធីចងក្រងលក្ខន្តិកៈសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃនេះថា «សហភាពសហព័ន្ធអ្នកសារព័ត៌ មានកម្ពុជា នឹងដើរតួនាទីក្នុងការប្រមូលផ្តុំអ្នកសារព័ត៌មានគ្រប់ផ្នែក ដែលបម្រើការងារនៅស្ថានីយទូរទស្សន៍ វិទ្យុ កាសែត App គេហទំព័រទស្សនាវដ្តី និងសមាគមអ្នកសារព័ត៌មាន បានរួមគ្នាកសាងភាពជាដៃគូ ទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ ដើម្បីជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក បណ្តុះបណ្តាលគ្នាទៅវិញទៅមក ជួយពង្រឹងក្រសីលធម៌វិជ្ជាជីវៈ ជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ ជួយគាំពារ និងការពារតួនាទីអ្នកសារព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់អ្នកសារព័ត៌មាន»

ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC MYTV BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Phnom Penh Post និង Kampuchea Thmey៕