(ភ្នំពេញ)៖ ស្របពេលដែលស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ កំពុងតែមានតម្រូវការខ្ពស់​ទៅលើរឿងភាគខ្មែរ សម្រាប់ដាក់បញ្ចាំង​ក្នុងម៉ោងមាស បម្រើអារម្មណ៍ទស្សនិកជននោះ ផលិតកម្ម «B&S Good day» បន្ទាប់ពីក្រុងពាលីថត​រឿង​ភាគ «ភ្លើងក្នុងបេះដូង» បានតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ស្រាប់តែផលិតកម្មនេះ បន្តក្រុងពាលីចេញថតរឿងពីរថ្មីបន្ថែមទៀត ក្នុងពេលមួយ គឺរឿង «ឋានសួគ៌វណ្ណៈ» និងរឿង«វរសេនីយ៍កំពូលស្នេហ៍» ដែលជារឿងភាគ បែបមនោសញ្ចេតនា និងការស៊ើបអង្កេត។

លោក ទិត ធារិទ្ធ អ្នកដឹកនាំសម្ដែងរឿង​​ «​​វរសេនីយ៍កំពូលស្នេហ៍» បានថ្លែងប្រាប់ក្នុងពិធីក្រុងពាលី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះថា ផលិតកម្ម «B&S Good day» បានទទួលសិទ្ធិថតរឿង​ភាគខ្មែរជាច្រើន ដើម្បីដាក់បញ្ចាំងក្នុងស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ព្រោះតែស្ថានីយ៍​ទូរទស្សន៍នេះ មានតម្រូវការខ្ពស់ក្នុងការ​ចាក់បញ្ចាំងរឿងភាគខ្មែរ ក្នុងម៉ោងពិសេស។ រឿងភាគទាំងពីរនេះ គឺក្រុមការងារ​របស់ផលិតកម្ម «​B&S Good day» នឹងចាប់ផ្ដើមចេញថត​ឲ្យទាន់ពេលវេលា ដោយបានចេញគ្នា​ជាពីរ​ក្រុម ដើម្បីទទួល​​ខុសត្រូវ​រៀងៗខ្លួន ក្នុងរឿង​នីមួយៗ។

អ្នកដឹកនាំសម្ដែង​មានបទពិសោធន៍ ជាច្រើនឆ្នាំរូបនេះ បានបន្តថា ទោះបីជាផលិតកម្ម «B&S Good day» កំពុងតែថតរឿង២-៣ ក្នុងពេលតែមួយ​ក្ដី ប៉ុន្តែផលិតកម្ម​នៅតែគិតគូចម្បង ទៅលើគុណភាពភាពយន្ត ពោលមិនអាចបណ្ដែតបណ្ដោយ​ឲ្យតែបានៗនោះទេ ព្រោះក្នុងរឿងនីមួយ ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេស ក្រុមការ​ងារ សុទ្ធសឹងតែមានការ​រៀបចំយ៉ាងត្រឹមត្រូវ ណាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏បានមើលឃើញពីសមត្ថភាព និងគុណភាពនៃរឿង​នីមួយៗ នាពេលកន្លងមក​រួច​ហើយដែរ ទើបផ្ដល់ទំនុក​ចិត្តឲ្យ​ផលិត​រឿងថ្មីៗ​បន្ថែមទៀត​។

លោក ទិត ធារិទ្ធបន្ថែមទៀតថា រឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» មានលក្ខណៈខុសពីគ្នារហូតដល់​ទៅ៩០ភាគរយឯណោះ ពោលមាន​លក្ខណៈដូចគ្នា​តិចតួចបំផុត ដោយរឿង «ឋានសួគ៌ស្នេហ៍» បាននិយាយពីស្នេហាបែបយុវវ័យ មនោសញ្ចេតនាជ្រាលជ្រៅ។ ចំណែករឿង​ «វរសេនីយ៍កំពូលស្នេហ៍» ជាប្រទេសរឿងបែបស៊ើបអង្កេត ក្នុងសមរភូមិកងទ័ព ក្នុងសំណុំរឿងមួយចំនួន ប៉ុន្តែក៏មានឈុតឆាកស្នេហាខ្លះៗ​​ផងដែរ។

សូមបញ្ជាក់ថា រឿង ​«ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» មានលោក ប៊ុន ស៊ា ជាចាងហ្វាង និងជាផលិតករ ហើយលោក ទិត ធារិទ្ធ ជាង្នកដឹកនាំសម្ដែង។ «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» គ្រោងថតចប់រយៈពេល ជាង១ខែ ដើម្បីត្រៀមដាក់បញ្ចាំង នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦​ នៅក្នុងស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ៕