(ភ្នំពេញ)៖ លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានធនាគារពិភពលោក (World Bank )ប្រចាំប្រទេសកម្ពុជា បានសន្យាថា នឹងដាក់បញ្ចូល សកម្មភាពមីន ទៅក្នុងផែនការយុទ្ធសាស្រ្ត៣ឆ្នាំ របស់ធនាគារពិភពលោកនៅកម្ពុជា ដែលក្រុមការងារកំពុងតែរៀបចំសេចក្តីព្រាង ហើយបានសន្យាថា នឹងអញ្ជើញតំណាងអាជ្ញាធរមីន ឲ្យចូលរួមក្នុងដំណើការនៃការរៀបចំនេះផងដែរ។

ការសន្យារបស់លោកស្រី អ៊ីហ្គូណា ដូប្រាចា នេះដើម្បីតបតាមការស្នើសុំរបស់លោកទេសរដ្ឋមន្ដ្រី លី ធុជ អគ្គលេខាធិការដ្ឋាន អាជ្ញាធរមីន ដែលធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងារ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។ ក្នុងកិច្ចប្រជុំនេះលោក ទេសរដ្ឋមន្ដ្រី លី ធុជ បានលើកឡើងថា សុំឲ្យធនាគារពិភពលោកពិចារណា ក្នុងការកសាងភាពជាដៃគូជាមួយអាជ្ញាធរមីន ដើម្បីផ្តល់ការ គាំទ្របន្ថែមដល់ការអភិវឌ្ឍន៍ ជាពិសេសសហគមន៍ពលរដ្ឋ ដែលកំពុងរស់នៅលើដីចំការមីន ចំការគ្រាប់។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយធនធាន ថវិកា និងសម្ភារជារៀងរាល់ឆ្នាំ ក្នុងកិច្ចប្រតិបត្តិការ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ កាត់បន្ថយអាត្រាគ្រោះថ្នាក់ ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះដែរ លោកស្រី អ៊ីហ្គូណា ដូប្រាចា បានសំដែងនូវការរីករាយចំពោះស្ថានភាព សន្តិភាព និងស្ថេរភាពនៅកម្ពុជា ដែលជាចំណុចសំខាន់បំផុត មិនអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍប្រទេស។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ដ្រី ក្នុងនាមសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកសូមថ្លែង អំណរគុណ ដល់លោកស្រី ប្រធានធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានគាំទ្រសកម្មភាពអភិវឌ្ឍនានារបស់ រាជរដ្ឋាភិបាលកម្ពុជា៕