(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ពី សំណាក់សារព័ត៌មានក្នុងស្រុកថា ខារ៉ាអូខេ «អាត់ ជួង KTV» មានបុគ្គលិកលួចទូរស័ព្ទ និងអាយឌីរបស់ភ្ញៀវ ដែលបានចូលទៅច្រៀងលេងកំសាន្ដ សប្បាយនៅយប់ថ្ងៃទី២ ខែសីហានោះ នៅថ្ងៃទី៤ ខែសីហានេះតំណាងខារ៉ាអូខេ «អាត់ ជួង KTV» បានចេញមុខមកដោះស្រាយសងទូរស័ព្ទ និងអាយឌី ជូនភ្ញៀវវិញហើយ។

តំណាងខារ៉ាអូខេ «អាត់ ជួង KTV» បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា បុគ្គលិករបស់ផ្ទះសំណាក់ខារ៉ាអូខេ «អាត់ ជួងKTV» បានលួចសម្ភារ របស់ភ្ញៀវនោះ ថៅកែបានឲ្យគេស្រាវជ្រាវរកបុគ្គលដែលប្រព្រឹត្ត ដើម្បីឲ្យមកទទួលខុសត្រូវ លើបញ្ហានេះ។

លោកបានបន្តថា បើទោះបីជារកពុំទាន់ឃើញជនខិលខូច ដែលបានលួចយកសម្ភាររបស់ភ្ញៀវ ក៏ដោយ ក្នុងនាមលោកតំណាងឲ្យម្ចាស់ទីតាំងខារ៉ាអូខេ «អាត់ ជួង KTV» បានចេញបកស្រាយ និងសងសម្ភារដែលបាត់បង់ជូនជនរងគ្រោះដើម្បីធានាឲ្យបានលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ជូនភ្ញៀវដែលមកកំសាន្ដសប្បាយនៅខារ៉ាអូខេ «អាត់ ជួង KTV»នេះ។

ជាមួយគ្នានោះជនរងគ្រោះជាបុគ្គលិកផ្នែកយកព័ត៌មាន ឲ្យទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែសីហានេះ តំណាងខារ៉ាអូខេ «អាត់ ជួង KTV» បានសងនូវសម្ភារបាត់បង់មកវិញហើយ។ ជនរងគ្រោះក៏បានលើកឡើងផងដែរ នេះការយល់ច្រឡំមួយផងដែរ ដែលនាំឲ្យមានការប៉ះពាល់ដល់កន្លែងរកស៊ីរបស់ទីតាំងខារ៉ាអូខេនេះ៕