(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា​ អភិបាលខេត្តព្រះវិហារ​ រួមនឹងថ្នាក់ដឹកនាំខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត​ កម្លាំងប្រដាប់អាវុធទាំង​៣​ និងកម្លាំង​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ​ បានចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋ​ នៅភូមិសម្បូរ​ ឃុំសង្កែពីរ​ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦។

ក្នុងឱកាសនោះ ​លោក អ៊ុំ ម៉ារ៉ា​ អភិបាលខេត្តព្រះវិហារ​ បានគូសបញ្ជាក់ថា​ ការចុះស្ទូងស្រូវនៅពេល នេះមិនមែនជាលើកទី១​ ទេ​ ព្រោះជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋជាប្រចាំព្រមទាំង បានអំពាវដល់​ ​ប្រជាពលរដ្ឋ​ថែរក្សាទឹកក្នុងស្រែឲ្យបានល្អ​ និងឲ្យប្រជាពលរដ្ឋឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី​ ដែលចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រៅពីនោះ លោកបានឲ្យ អាជ្ញាធរក្រុង​ ស្រុង សូមបន្តពិនិត្យ​ និងចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ​ដែលខ្វះកម្លាំងស្ទូងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

លោក អ៊ុ​ ម៉ារ៉ា​ ក៏​ បានជួយដល់ប្រជាពលរដ្ឋ​រួមមាន ជួសជុលផ្លូវ​ ១ខ្សែប្រវែងប្រមាណ​ ១គ.មនៅភូមិសម្បូរ​ ឃុំសង្កែពីរ​,សាងសង់ផ្លូវពីភូមិជោគជ័យ​ ឃុំសង្កែពីរ​ ភ្ជាប់ទៅកាន់ឃុំសង្កែមួយ​ ប្រវែង​ប្រមាណ​ ២គ.ម​, លើកទំនប់ទប់ទឹកប្រវែងប្រមាណ​ ២០០ម៉ែត្រភូមិក្រឡោត​ ឃុំសង្កែពីរ​ ,ជួយសាងសង់សាលារៀនធ្វើអំពីឈើប្រក់សង្កសី១ខ្នង​ ២បន្ទប់នៅភូមិសម្បូរ​ ឃុំសង្កែពីរ​.

បន្ថែមពីលើនេះ លោក អ៊ុំ ម៉ារ៉ា​ បានជួយ ប្រជាកសិករប្រមាណ​ ១៥០នាក់ក្នុងម្នាក់ៗទទួលបាន គ្រាប់ពូជបន្លែគ្រប់មុខ​ ថវិកា​ ១ម៉ឺនរៀល ក្រមា​ ១ ចំណែក កម្លាំងសមត្ថកិច្ច​  ១០០នាក់/ម្នាក់ៗ​ ១ម៉ឺនរៀល៕