(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្ដ្រវ័យក្មេងមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមជាវាគ្មិនធ្វើបាឋកថា ដល់គ្រូនគរបាល មន្ដ្រីនគរបាល និងនិស្សិត សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា​ ក្រោមប្រធានបទ «យុវជនក្នុងកិច្ចការនយោបាយ» ដែលមានសិក្ខាកាមចូលរួមជាង៧០០នាក់។​

ក្នុងសិក្ខាសាលានេះដែរ ក៏បានបង្ហាញអំពី របបនយោបាយខ្មែរ សិទ្ធិរបស់យុវជនក្នុងកិច្ចការនយោបាយ តួនាទីកាតព្វកិច្ចរបស់យុវជនក្នុងកិច្ចការនយោបាយ បញ្ហាប្រឈមរបស់យុវជន និងការជម្រុញយុវជនក្នុងកិច្ចការនយោបាយ។

ក្នុងនោះដែរ លោក ស សុខា បានបញ្ជាក់ថា ជីវិតពិតរបស់កងកម្លាំងនគរបាលជាតិ រៀនសូត្រត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ភាពស្មោះត្រង់ ឆន្ទះខ្ពស់ ហើយត្រូវយល់ពីគោលនយោបាយបរទេស សកលភាវូបនីយកម្ម វិស័យសន្ដិសុខជាតិ សណ្ដាប់ធ្នាប់ វិស័យគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បង្កើតវប្បធម៌សន្ទនា។

បន្ថែមពីនេះលោក ក៏បានបញ្ជាក់ពីកិច្ចការក្រៅប្រទេស ជាពិសេសប្រទេសជិតខាងតែម្ដង ហើយលោកក៏បានបង្ហាញពីប្រទេសមួយចំនួន​ ដែលមិនជួយសហការជាមួយប្រទេសកម្ពុជា នាពេលកន្លងមក។

ក្រៅពីនេះលោក បានលើកឡើងថា មានតែប្រទេសប្រេស៊ីលមួយគត់ដែលជួយគាំទ្រដល់ប្រទេសកម្ពុជា ពេលដែលកម្ពុជាមានជម្លោះជាមួយប្រទេសជិតខាង។

ជាចុងក្រោយលោកបានបន្ថែមថា «យុវជនជាអ្នកបន្ដវេន តែយើងមិនភ្លេចទេ យុវជនជំនាន់មុនផងដែរ ហើយគោលបំណងរបស់ខ្ញុំ ចូលមប្រើការជាសមត្ថកិច្ច គឺចង់កាត់សាច់ស្អុយមួយចំនួន»