(កំពង់ស្ពឺ)៖ គ្រាន់តែមកដល់ខេត្តកំពង់ស្ពឺភ្លាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាឲ្យនិរាករណ៍ចោលឯកសារទាំងឡាយ ចំពោះការចង់ផ្លាស់ប្តូរបេនឡាន, ផ្សារ នៅខេត្តកំពង់ស្ពឺ ដែលបញ្ហានេះបានកើតឡើងដ៏រាំរ៉ៃមកហើយនោះ ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានលេចលឺគម្រោងសាងសង់ព្រលានយន្តហោះ គឺគ្មានទេ មិនមានព្រលានយន្តហោះនៅទីនេះទេ។

ការប្រកាសបែបនេះរបស់សម្តេច ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ។

សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ ត្រូវលុបចោលរាល់កិច្ចព្រមព្រៀងបេនឡាន និងផ្សារ បើសិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយត្រូវនិរាករណ៍រាល់ឯកសារ ដែលចង់ផ្លាស់ប្តូរបេនឡាន៕