(កណ្ដាល)៖ ឆ្នាំនេះចំណូលពីការដេញថ្លៃ «ដាយត្រី» ចំនួន២ស្រុក ទទួលបាន ២២០​,២០០,០០០​រៀល កើនឡើងចំនួន១៣៧,២០០,០០០រៀល​ ក្នុងរយៈពេល១ឆ្នាំ ដែលជាចំណូលចូលរដ្ឋ តាមរយៈវិស័យជលផល ពោលគឺភោគផលត្រីក្នុងទឹកទន្លៃ នៃប្រទេសកម្ពុជា ក្នុងខេត្តកណ្ដាល។ ពិធីដេញថ្លៃដាយត្រីនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ នៅការិយាល័យជលផលស្រុកពញាឮ ខេត្តកណ្ដាល។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជល​ផល​​ខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការ ដេញថ្លៃឈ្នួលដាយត្រី បានប្រាប់​នៅក្នុងពិធីដេញថ្លៃឈ្នួល​ ដាយត្រី​ ​ថា ឆ្នាំនេះ​មានក្រុមអាជីវករ បានចូលរួមដេញថ្លៃចំនួន១២នាក់ ហើយការដេញថ្លៃនេះ គឺមានចំនួន៤គន្លងដាយត្រី ដែលស្ថិតនៅក្នុងស្រុកចំនួន២ ក្នុងនោះ​នៅស្រុកពញាឮ​ ចំនួន៣គន្លងដាយ និងស្រុកកោះធំ ចំនួន១កន្លងដាយ។

លោកនាយខណ្ឌជលផលរូបនេះ បានលើកឡើងថា ការដេញថ្លៃនេះមានរយៈពេល២ឆ្នាំ គឺឆ្នាំ២០១៦ ដល់២០១៨ ហើយកាដេញថ្លៃឆ្នាំនេះ គឺយើងទទួល ប្រាក់ចំណូល​ ពីការដេញថ្លៃចំនួន​២២០​,២០០,០០០​រៀល កើនឡើង​ចំនួន១៣៧,២០០,០០០រៀល​ ក្នុងរយៈពេល១ឆ្នាំ។ លោក​បានបញ្ជាក់ដែរថា សូមបងប្អូនដែលដេញថ្លៃបាន នៅពេលនេះ ត្រូវតែអនុវត្ត​ទៅតាមការណែរនាំ និងចូលរួមគោរពច្បាប់​ឲ្យបានទាំងអស់គ្នា ពិសេសអាជីកម្មដាយ មិនត្រូវធ្វើហួសការកំណត់នោះទេ តាមច្បាប់អនុញ្ញាត ឲ្យត្រឹមតែទំហំ២៨ម៉ែត្រប៉ុណ្ណោះ ហើយត្រូវបង់ប្រាក់​ទៅតាមសៀវភៅបន្ទុកឲ្យទាន់ពេលវេលា ហើយប្រាក់ចំណេញដែលបានមកពីអាជីវកម្ម ត្រូវតែបង់ពន្ធជូនរដ្ឋ​ចំនួន២,៥%។

គួរបញ្ជាក់ដែរថា គន្លងដាយ១១B មានអ្នកចូលរួមដេញថ្លៃចំនួន២នាក់ ដែលតម្លៃព្យួរ​ចំនួន៤០លានរៀល ហើយបានទៅលើលោកស្រី សុខ ចាន់បូ ក្នុងតម្លៃ៤៧លានរៀល។ គន្លងដាយ១១C មានអ្នកចូលរួមដេញ៤នាក់ ដែលមានតម្លៃព្យួរ២០លានរៀល ត្រូវបានទៅលើលោក សុក្រ ឧត្តម ក្នុងតម្លៃ៧២លានរៀល​ និងគន្លងដាយ១១D មានអ្នកចូលរួមដេញថ្លៃ៤នាក់ ដោយមានតម្លៃព្យួរចាប់ពី១៣លានរៀល បានទៅលើលោក គីន សុគន្ធា ក្នុងតម្លៃ៨៨លានរៀល។ ចំណែកឯដាយត្រីលិញ ដែលស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ត្រូវបានទៅលើ លោក ដុស ខែម ក្នុងតម្លៃ១៤លាន២សែនរៀល។

តំណាងអាជីវករ ដែលចូលរួមដេញថ្លៃ បានប្រាប់ថា ការដេញថ្លៃនេះ​គឺមានតម្លាភាពអាចទទួលយកបាន ហើយក៏ប្តេជ្ញាថា និងគោរពទៅតាមគោលការណ៍ណែនាំ និងគោរពច្បាប់ឲ្យមិន រំលោភកិច្ចសន្យា ឬក៏ច្បាប់នោះទេ។

តំណាងអាជីវករបានបន្ថែមទៀតថា ចំពោះមូលហេតុដែលពួកគាត់ហ៊ានក្នុងដាក់ថ្លៃខ្ពស់ ក្នុងគន្លងដាយនីមួយៗនេះ ព្រោះសង្ឃឹមថាត្រីឆ្នាំនេះ នឹងកើនឡើង ដោយហេតុថា មួយរយៈពេលកន្លងមកនេះ សមត្ថកិច្ចជំនាញរបស់រដ្ឋបាលជលផលបានចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ជាបន្តបន្ទាប់ ក្រោមការបញ្ជាពីសំណាក់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ទើបធ្វើឲ្យពួកគាត់មានទំនុកចិត្តខ្ពស់៕