(ភ្នំពេញ)៖ កម្លាំងនគរបាល៣ខណ្ឌ ដេញតាមប្រម៉ាញ់ចាប់ខ្លួនជនត្រូវសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពកាច់កសោម៉ូតូ របស់ជនរងគ្រោះដែលបំពាក់ប្រព័ន្ធអេឡិចត្រូនិចGPS ហើយជិះរត់គេចតាំងពីខណ្ឌដូនពេញ ឆ្លងកាត់ខណ្ឌទួលគោក រហូតមកដល់ខណ្ឌឫស្សីកែវ ដោយឃាត់បានតែម៉ូតូប៉ុណ្ណោះ ខណៈដែលជនត្រូវជាប់សង្ស័យ បានរត់គេចខ្លួនដោយសុវត្ថិភាព។ ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល លេខD២៧ ផ្លូវបេតុងខាងលិចផ្សារបឹងសាឡាង ភូមិបឹងសា ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ បាន​ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួនបានជិះមកឈប់ចាក់សោរត្រឹមត្រូវ នៅខាងមុខម៉ាតTTP ស្ថិតនៅច្រកចូលវត្តនាគវ័ន សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏ដើរចូល ក្នុងម៉ាតតែម្ដងដើម្បីរកអីញាំ ស្រាប់តែមួយសន្ទុះក្រោយមកក៏ផ្អើលឆោរឡោថា មានចោរកាច់កសោម៉ូតូ ខណៈនោះខ្លួនឃើញអ៊ូអរបានមកមើលទើបដឹងថា ជាម៉ូតូរបស់ខ្លួនដោយបាន បំពាក់ប្រព័ន្ធអេឡិចត្រូនិច GPS ហើយជនត្រូវសង្ស័យបានជិះរត់គេចខ្លួនពីខណ្ឌដូនពេញ ឆ្លងកាត់ខណ្ឌទួលគោក រហូតមកដល់ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ច​សហការដេញតាមប្រម៉ាញ់ ឡោមព័ទ្ធចាប់បានតែម៉ូតូប៉ុណ្ណោះ ចំណែកជនសង្ស័យបានរត់គេចខ្លួនដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជៀម សារិទ្ធ​ អាយុ២៧ឆ្នាំ មានមុខរបរជាមន្ត្រីយោធា ស្នាក់នៅ សង្កាត់មានជ័យ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FU-4573។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រោវ ដើម្បីស្វែងរកជនសង្ស័យមកផ្តន្ទាទោស ចំណែកម៉ូតូត្រូវបាន សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕