(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានមកជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរសៀល ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ ដើម្បីពិនិត្យ និងប្រគល់កុំព្យូទ័រ ចំនួន២៤០០គ្រឿង ដើម្បីប្រើប្រាស់សម្រាប់ក្នុងការ ចុះឈ្មោះបោះឆ្នោតជាផ្លូវការទូទាំង ប្រទេសតាមប្រតិទិន នៃការចុះឈ្មោះបោះឆ្នោត តាមការគ្រោងទុក។

ការប្រគល់សំភារៈពីសំណាក់ជប៉ុន និងសហភាពអឺរ៉ុប នាពេលនេះនឹងជួយសម្រូលច្រើនដល់ គ.ជ.ប ដើម្បីរៀបចំការចុះឈ្មោះ បោះឆ្នោតដែលនឹងរៀបចំធ្វើ ក្នុងពេលឆាប់ៗនេះ។

ប្រទេសជប៉ុន និងសហគមអឺរ៉ុប គឺជាម្ចាស់ជំនួយដ៏ធំដែលផ្តល់ឲ្យ គ.ជ.ប នូវសម្ភារៈប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ការបោះឆ្នោតប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ នេះ។ ចំពោះជំនួយរបស់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារសហរដ្ឋអាមេរិក គឺបានផ្តល់ជូនមកឲ្យកម្ពុជារួចរាល់ហើយ ចំណែកសហគមអឺរ៉ុប ដែលផ្តល់ជំនួយមកកម្ពុជា ក្នុងទំហំទឹកប្រាក់ ៦.៧លានដុល្លារសហរដ្ឋអាមេរិក ។

សូមជំរាបថា គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានសារៈសំខាន់ ណាស់ គឺសម្រាប់បម្រើឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕