(កណ្ដាល)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ពីសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៣ ខែសីហានេះ ចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួន ជាបណ្តោះអាស្នន យុវជន៥នាក់ល្មោភកាម ដែលបានរំលោភសេពសន្ថវៈបូកនារីម្នាក់ រហូតសន្លប់ស្ដូកស្ដឹង កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។   

ការឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល លោក ទេព មុនិន្ទ ចោទប្រកាន់ជាផ្លូវការ លើយុវជនទាំង៥នាក់នោះ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។

លោក ទេព មុនិន្ទ បានថ្លែងថា «ពួកគេទាំង៥នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយ ប្រើប្រាស់ឬទាក់ទងនឹងជនល្មើស តាមមាត្រា២៤០នៃក្រមព្រហ្មទណ្ឌ»។ បទល្មើសនេះកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្លួនយុវជន៥នាក់ ពីបទរំលោពសេពសន្ថវៈ លើកនារីម្នាក់រហូតដល់សន្លប់ នៅម៉ោងប្រមាណជា ៩៖១០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

សមត្ថិកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យទាំង០៥នាក់៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំង៥ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល៕

ចំពោះហេតុការណ៍នេះ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់តាមរយៈ Facebook របស់លោកថា ការកើតឡើងករណីរំលោភបូកនេះ មកពីជនសង្ស័យ ឈ្មោះ រ៉េត រដ្ឋា ខឹងមិត្តស្រីមានសង្សារច្រើន រួចក៏រៀបឧបាយកល ណាត់មិត្តស្រីមករួមភេទ បែរជាណាត់គូកនបន្ថែមទៀត មករំលោភបូកសង្សារ «5 in 1» ទើបបាន៣នាក់ក៏សន្លប់ ភ័យពេកដឹកជនរងគ្រោះ យកទៅចោល ក៏ជួបសមត្ថកិច្ចកំពុងល្បាត ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ជនស្ស័យភ្លាមចំនួន៥នាក់។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ខាងលើ សមត្ថកិច្ចបានក៏សាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕