(ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន​ឌូបៃ ក្នុងប្រទេសអារ៉ាប់ ប៉ុន្តែគេមិនបានដឹងថា មានហេតុការណ៍អ្វីកើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់​សារព័ត៌មាន BBC នៅមុននេះបន្តិច។

តំណាងក្រុមហ៊ុន Emirates បានបញ្ជាក់ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ បានចាកចេញពី​អាកាសយានដ្ឋាន Thiruvananthapuram ប្រទេសឥណ្ឌា មកកាន់ប្រទេសអារ៉ាប់ បានប្រកាសអាសន្នចុះចតជាបន្ទាន់នៅអាកាស​យានដ្ឋាន​ឌូបៃ ដោយក្នុងនោះ​អ្នកដំណើរទាំងអស់មានសុវត្ថិភាព។ មនុស្សទាំងអស់នៅលើយន្តហោះ ៣០០នាក់ ក្នុងនោះ២៨២នាក់អ្នកដំណើរ និងសហសេវិក១២នាក់។ 

បន្ទាប់ពីមានបញ្ហានេះ អាកាសយានដ្ឋាន ឌូបៃ ត្រូវបានផ្អាកដំណើរបណ្តោះអាសន្នទាំងអស់។

ក្រុមហ៊ុន Emirates មិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែ​គេឃើញមានភ្លើង និងផ្សែងហុយចេញពីយន្តហោះដឹកអ្នកដំណើរនោះ ខណៈពេលក្រោយចុះចតនៅអាកាសយានដ្ឋានឌូបៃ៕