(ភ្នំពេញ)៖ សព្វថ្ងៃនេះមានផលិតផលមិនច្រើននោះទេ ដែលអាចរក្សានូវសមត្ថភាព និងស្ថានភាពដើម ក្រោយពីបានប្រើប្រាស់រយៈពេល១០ឆ្នាំ ជាពិសេសជាមួយនឹងការប្រើប្រាស់ច្រើន ទាំងយប់ទាំងថ្ងៃ។

ក្រុមហ៊ុន Ford បានព្យាយាមផលិតនូវរថយន្ត Ford Transit ស៊េរីថ្មីដែលមានភាពរឹងមាំសម្រាប់ ប្រើប្រាស់យូរអង្វែង ដោយបានយករថយន្ត ទៅធ្វើតេស្តរហូតរយៈពេលប្រាំមួយខែ ដោយឆ្លងកាត់ការបើកបរ នៅលើផ្លូវរយៈពេលយូរ និងមានឧបសគ្គច្រើន ដើម្បីរុករកនូវបញ្ហាដែល អាចកើតមានក្រោយពីបានប្រើប្រាស់ រថយន្តនេះរយៈពេលយូរ។

នៅក្នុងដំណាក់កាលធ្វើតេស្ត បានរួមបញ្ចូលការបើករថយន្ត ដែលមានរយៈចម្ងាយ១១លានគីឡូម៉ែត្រ ជុំវិញពិភពលោកនៅលើផ្លូវដែលលំបាកបំផុត ស្ថិតនៅក្រោមសីតុណ្ហភាពចាប់ពី 40C ទៅ-40C។

លោក David Gregory ប្រធានវិស្វករផ្នែករថយន្តTransit ប្រចាំទីផ្សារអឺរ៉ុប បានឲ្យដឹងថា៖ «ខ្ញុំគិតថាអតិថិជនជាច្រើននឹងមិនជឿថា រថយន្តនេះបានឆ្លងកាត់ឧបសគ្គអ្វីខ្លះនោះទេ មុននឹងប្រកាសដាក់លក់នៅលើទីផ្សារ។ រថយន្តនេះបានឆ្លងកាត់ការធ្វើតេស្ត ដែលលំបាកបំផុត ដែលរថយន្ត Van ដទៃប្រហែលមិនអាចឆ្លងផុតនោះទេ ផ្ទុយទៅវិញរថយន្ត Ford Transit បានឆ្លងកាត់ការធ្វើតេស្តទាំងនោះ បានដោយជោគជ័យ»

មុនសម្រេចដាក់លក់រថយន្ត Ford Transit ដំបូងនៅទីផ្សារអឺរ៉ុប និងអាមេរិកខាងជើង រថយន្ត Transit ត្រូវបានឆ្លងការធ្វើតេស្តនឹងភាពធន់ របស់រថយន្ត នៅឯរោងចក្ររបស់ Ford នៅទីក្រុង Lommel ប្រទេស Belgium និងមួយទៀតនៅទីក្រុង Romeo រដ្ឋ Michigan សហរដ្ឋអាមេរិក។

នៅទីក្រុង Lommel រថយន្ត Ford Transit ជាង៣០ គ្រឿងត្រូវបានជ្រើសរើស សម្រាប់ការធ្វើតេស្ត។ នៅក្នុងនោះមានដូចជាការអូសសណ្ដោង ជាមួយនឹងទំងន់អតិបរមា និងផ្ទុកទៅដោយឥវ៉ាន់ពេញ។

ការធ្វើតេស្តបន្ទាប់ គឺការបើកបរល្បឿនលឿន ឥតឈប់សម្រាករយៈពេលពីរខែ នៅលើផ្លូវគ្រោះ ផ្លូវថ្មភក់ ជាដើម។ ក្រៅពីនេះFord Transit ក៏ត្រូវបានដាក់នៅក្នុងបន្ទប់បិទជិត ដែលពោរពេញទៅដោយ កម្រិតសំណើមខ្ពស់រយៈពេល១២សប្ដាហ៍ ដើម្បីតេស្តពីភាពធន់ និងភាពច្រែះរប់សរថយន្ត ព្រមទាំងពិនិត្យមើលបំរែបំរួល នៃការវិវឌ្ឍន៍របស់រថយន្តរយៈពេលមួយខែថែមទៀត។

នៅពេលធ្វើតេស្តពីកម្លាំងរថយន្ត ក្រុមការងារបានបើករថយន្តនេះ នៅលើផ្លូវគ្រលុករដិបរដុប ប្រហែល 5000 ដង និងបានបើកឡើងទៅលើខឿនផ្លូវ ដែលមានកម្ពស់ 140mm ជាមួយនឹងល្បឿន 60km/h។

ក្រុមការងារ Ford ក៏បានតេស្តរថយន្តនេះនៅអឺរ៉ុបអាមេរិកខាងជើង អាហ្វ្រិច និងអាស៊ីផងដែរ។ នៅរដ្ឋ Arizona ទីក្រុង Dubai និង អាហ្វ្រិចខាងជើង រថយន្ត Transit ត្រូវរត់នៅក្រោមកម្ដៅថ្ងៃ ដ៏ក្ដៅរហូតដល់ 40 C រីឯ នៅ Finland និង Canada វិញ រថយន្តត្រូវទ្រាំទ្រនឹងភាពត្រជាក់រហូតដល់ -40 C និងធ្វើដំណើរឆ្លងកាត់ឧបសគ្គ កាត់ទ្វីបអឺរ៉ុប មជ្ឈិមប្រទេស រុស្សី តួគី និងសហរដ្ឋអាមេរិច នៅតំបន់ Austrian Alps និង Death Valley។

មុនពេលដាក់សម្ភោធជាផ្លូវការ រថយន្ត Transit បានដាក់ឲ្យធ្វើតេស្តនៅលើផ្លូវ រហូតដល់ 500,00km។ នៅក្នុងមន្ទីរពិសោធន៍ រថយន្ត Ford Transit ម៉ាស៊ីន 2.2 Litre ត្រូវបានប្រើឲ្យដឹកទំនិញ ពេញរថយន្ត និងដាក់ឲ្យរត់នៅលើជម្រឹងដែក រយៈពេល 46 ថ្ងៃឥតឈប់ឈរ ដើម្បីពិសោធន៍ពីដំណើរការនៃម៉ាស៊ីន ភាពធន់រឹងមាំ និងដើម្បីធានាបាននូវអាយុកាល នៃការប្រើប្រាស់១០ឆ្នាំ ស្របទៅតាមបទដ្ឋានស្តង់ដារថយន្តថ្មី។

ក្រោយពីការពិសោធន៍បានបញ្ចប់ ក្រុមការងារបានរកឃើញ បញ្ហា និងដំណោះស្រាយ ជាច្រើនដែលអាច ជួយពួកគេក្នុងការផលិតរថយន្ត Transit ថ្មីកាន់តែល្អប្រសើរជាងមុន ដូចជាការរចនានូវទ្វារចំហៀង និងឆ្អឹងទទឹងសាក់ស៊ីង ខាងក្រោយឡើងវិញ ដែលអាចធ្វើឲ្យរថយន្តនេះ កានត់តែមានភាពរឹងមាំ និងជំនះគ្រប់ឧបសគ្គគនៃការបើកបរ។

រថយន្ត Ford Transit ស៊េរីថ្មីនេះ គឺជារថយន្តជំនាន់ក្រោយបង្អស់ របស់រថយន្តប្រភេទ Transit ដែលមានដាក់លក់ដំបូងបង្អស់ នៅលើទីផ្សារអឺរ៉ុប និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស់នៅតាមបណ្តាលប្រទេសនានានៅទ្វីបអឺរ៉ុប ក៏ដូចជាបណ្តាលប្រទេសនានា នៅលើពិភពលោកផងដែរ។

បច្ចុប្បន្នរថយន្ត Ford Transit នេះ កំពុងទទួលបានការគាំទ្រ និងពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុន ដឹកអ្នកដំណើរនានា នៅក្នុងប្រទេសកម្ពុជាយើង៕