(កំពត)៖ នាឱកាសនៃការចុះជួបសំណេះ​សំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​​​​នៅ​ក្នុងខេត្តកំពត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា បានសម្រេចកាត់ដីរដ្ឋ​​ចំនួន ០៤កន្លែង ទំហំជាង៩ពាន់ម៉ែត្រការ៉េ ដែលស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជូនប្រជាពលរដ្ឋ​ចំនួន ៤២គ្រួសារ ដែលភាគច្រើន​​ជាអតីតបុគ្គលិក កម្មករ និងមន្ត្រីរាជការក្នុងខេត្តកំពត ដែលបាន និងកំពុងរស់នៅលើដីនោះ។

បើតាមការឲ្យដឹងពីមន្ត្រី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត គឺចាប់​​តាំងពីអំឡុងឆ្នាំ១៩៨០ រហូត​មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទាំង​​៤២គ្រួសារខាងលើ បានរស់​នៅលើដីចំនួន០៤កន្លែង ដែលស្ថិតក្រោមការ​គ្រប់​គ្រង​​​​របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម​ខេត្តកំពត ហើយតាំង​ពីដើមរហូតមក ការរស់នៅរបស់បងប្អូន​ទាំងអស់នោះ មិនមានឯកសារណាមួយ​បញ្ជាក់ពីភាពស្របច្បាប់ នៃកម្មសិទ្ធរបស់ពួកគេ លើដីទាំងនោះទេ។ ដោយមើលឃើញពីភាពចាំបាច់ សម្រាប់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត​របស់បងប្អូន លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ជាពិសេសមន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត សហការជាមួយអាជ្ញាធរខេត្ត ចុះស្រង់ស្ថិតិ និងរៀបចំបញ្ជីស្នាម អោយបានច្បាស់លាស់ និងជាក់ស្តែង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ​របាយការណ៍លម្អិត ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើសេចក្តីសម្រេចចិត្ត។

ក្នុងទិដ្ឋភាពជាក់ស្តែងបែបនេះ និងដោយទទួលបាននូវរបាយការណ៍​ ជាក់លាក់ពីសាមីក្រសួងម្ចាស់កម្មសិទ្ធិ និងជាពិសេសព័ត៌មានច្បាស់លាស់ ដែលទទួលបានពីមន្ត្រី នៅថ្នាក់មូលដ្ឋានផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ឈរលើគោលការណ៍គិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ បានសម្រេចប្រគល់សិទ្ធ​ស្របច្បាប់ ជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារ ក្នុងការកាន់កាប់ដីទាំងបួន​ទីតាំងនោះ។

គួរបញ្ជាក់ផងដែរថា ដីទាំង៤ទីតាំងក្នុងទំហំជាង ៩ពាន់ម៉ែត្រការ៉េ ដែលបានផ្តល់ជូននោះ រួមមាន៖
១-​ដីអតីតមន្ទីរចាស់ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត មានទំហំ ៧៦៦,៥៩ ម២ ស្ថិតក្នុង​ភូមិ១ឧសភា សង្កាត់កំពង់​កណ្តាល ក្រុងកំពត ខេត្តកំពត ជូនអតីតមន្ត្រីរាជការ​ចំនួន ០៧គ្រួសារ។
២-​ដីអតីតរោងចក្រប្រេងដូង មានទំហំ ២.៥៥២ ម២ ស្ថិតក្នុងភូមិទី្វ​ខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជូនអតីតបុគ្គលិក កម្មករ និងប្រជាពលរដ្ឋ ចំនួន១៧គ្រួសារ។
៣-​ដីអគ្គិសនីចាស់ មានទំហំ ៤.៥៦៣,៥២ ម២ ស្ថិតក្នុងភូមិទី្វខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជូនអតីតបុគ្គលិក កម្មករ និងមន្ត្រីរាជការ​ចំនួន១៤គ្រួសារ។
៤-​ដីអតីតមជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ មានទំហំ ១.១៥៣ ម២ ស្ថិតក្នុងភូមិទី្វខាងត្បូង សង្កាត់​អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជូនអតីតមន្ត្រីរាជការ និងប្រជាពលរដ្ឋ​ចំនួន០៤គ្រួសារ។

ជាមួយនឹងការសម្រេចប្រកប ដោយការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោលើបញ្ហានេះ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋទាំង ៤២គ្រួសារ ដោយបានប្រកាសនូវដំណឹងដ៏ល្អនេះ ជម្រាបជូនពួកគាត់ និងបានពាំនាំនូវបណ្តាំសួរ​សុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរ​ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូន ជាពិសេសដោះស្រាយបញ្ហានានា ជូនប្រជាជន ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅក្នុងភាពសំបូរ​សប្បាយ ស្របទៅនឹងការអភិវឌ្ឍន៍ រីកចម្រើននៃខឿនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន។

បន្ទាប់ពីទទួលបានព័ត៌មាន ដ៏មានសារៈសំខាន់នេះ ប្រជាពលរដ្ឋទាំង៤២គ្រួសារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ​ជាពន់ពេក និងក្តីរំភើបក្តុកក្តួល​ឥតឧបមា ព្រោះតាំងពីដើមរៀងមក ពួកគាត់តែងតែរស់នៅ​ក្នុងក្តីកង្វល់ និងការព្រួយបារម្ភ ចំពោះទីជម្រករបស់ខ្លួន មិនដឹងថាពេលណា ត្រូវគេទាមទារយកវិញ ព្រោះដីនេះជាសម្បត្តិ​របស់រដ្ឋ ក៏ប៉ុន្តែ នៅពេលនេះបងប្អូនបានសម្រេច នូវក្តីស្រមៃរបស់ខ្លួន ដែលទទួលបានសិទ្ធស្របច្បាប់ ក្នុងការកាន់កាប់ដីនេះ ពីរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនោះដែរ បងប្អូនក៏បានជូនពរ តាមរយៈ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ ប្រាជ្ញាវៀងវៃ កម្លាំងព​លាំងមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត៕