(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធ ដារ៉ា បានថ្លែងទទូចដល់ម្ចាស់បន្ទប់ និងផ្ទះជួលទាំងអស់នៅក្នុងភូមិសាស្រ្តខណ្ឌ កុំតម្លើងថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះគឺកម្មករ-កម្មការិនី តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា។

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា បានអញ្ជើញម្ចាស់មូលដ្ឋានផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ដើម្បីសំណេះសំណាល និងណែនាំការងារសំខាន់ៗមួយចំនួន ព្រមទាំងសុំកិច្ចសហការ លើការងារសំខាន់ៗមួយចំនួន ក្នុងនោះក៏ផ្តោតសំខាន់លើការចូលរួមបទល្មើសផ្សេងៗផងដែរ។

ក្នុងឱកាសនោះ លោកអភិបាល បានធ្វើការថ្លែងអំណរគុណ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មផ្ទះជួល និងបន្ទប់ជួលទាំងអស់ ដែលកន្លងមកបានចូលរួមចំណែក​ ក្នុងការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាបានចូលរួមលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ផ្ទះជួល/បន្ទប់ជួលទាំងអស់​ លើការងារសំខាន់ៗដូចជា៖ ទី១-ម្ចាស់មូលដ្ឋានអាជីវកម្មផ្ទះជួល ដែលមិនទាន់មានប័ណ្ណអនុញាតអាជីវកម្ម ត្រូវស្នើសុំប័ណ្ណអនុញ្ញាតអាជីវកម្មឲ្យបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌដង្កោ ដើម្បីងាយស្រួលដល់រដ្ឋបាលខណ្ឌ ធ្វើការគ្រប់គ្រង ទី២-សូមជៀសវាងការតម្លើងថ្លៃឈ្នួល សម្រាប់សិស្ស និស្សិត និងកម្មករ កម្មការិនី ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣-សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសលួចឆក់ប្លន់នានា៕