(ព្រៃវែង)៖ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោកអ៊ុត សុភាព និងសហការី បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលសេដ្ឋកិច្ចខេត្តរួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការចុះ  ណែនាំការដាក់តាំងលក់ និងពន្យល់ដល់អ្នកលក់ និងអ្នកប្រើប្រាស់ ឲ្យពួកគាត់យល់ ដឹងអំពីសុវត្ថិភាព ម្ហូបអាហារ ព្រមទាំងបានត្រួតពិនិត្យ ទំនិញម្ហូបអាហារ នៅតាមតូបលក់ទំនិញ និងឃ្លាំងចែក ចាយទំនិញចំនួន១០តូប និង០៣ឃ្លាំងចែកចាយទំនិញ ស្ថិតនៅ ភូមិពោធិចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារនេះ មន្រ្ដីជំនាញ បានយកចិត្តទុកដាក់ទៅលើ ផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា «ការចុះត្រួតពិនិត្យនេះ យើងបានដកហូតទំនិញទឹកក្រូច ហួស កាលបរិច្ឆេទប្រើប្រាស់ចំនួន ៩៧៨ដបស្មើនិង៤៨៩គីឡូក្រាម ដើម្បីរក្សាទុក និងធ្វើការកម្ទេចោល។ ចំពោះអាជីវករដែលបានដកហូតទំនិញ បានធ្វើកិច្ចសន្យាឲ្យឈប់ការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់។ ក្រោយពីរកឃើញទំនិញ ខូចគុណភាព ទាំងអស់នោះ កម្លាំងរបស់យើងរឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ»

ជាមួយគ្នានោះលោក អ៊ុត សុភាព ក៏បានណែនាំដល់ក្រុមអាជីវករឲ្យដាក់តាំងលក់ផលិតផល ដែលមានស្លាកសញ្ញាត្រឹមត្រូវនិងមាន អនាម័យត្រឹមត្រូវ ដាក់ឲ្យមានសណ្តាប់ធ្នាប់ ដាក់តាមកន្លែងរៀងៗខ្លួន ដូចជាម្ហូបអាហារ ដាក់តាមម្ហូបអាហារ។

លោក តូច ចៅកុយ អនុប្រធានកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំ ពីលោកអគ្គនាយកកាំកុងត្រូលដើម្បី ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ និងទំនិញខូចគុណភាព៕