(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារខ្លួន រួមទាំងសម្ព័ន្ធមិត្ត ពីការគំរាមកំហែង​​របស់កូរ៉េខាងជើង តាមរយៈការបាញ់សាកល្បងមីស៊ីល។ នេះបើយោងតាម​ការចេញផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅមុននេះបន្តិច។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ដូចខាងលើនេះ បន្ទាប់ពី​​កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលថ្មីមួយទៀតនៅ​ព្រឹក​ថ្ងៃនេះ ដែលជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខក្នុងតំបន់ ជាពិសេសគឺអាមេរិក ព្រោះកូរ៉េខាងជើង តែងតែ​គំរាម​វាយប្រហារអាមេរិក ដោយអាវុធប្រល័យលោករបស់ខ្លួន។

នៅមុននេះបន្តិច មន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យោធាកូរ៉េខាងជើង បានបាញ់ផ្លោងគ្រាប់មីស៊ីលថ្មីមួយទៀត​ធ្លាក់​ចូល​ក្នុងសមុទ្រ ដោយការបាញ់នោះត្រូវបានធ្វើឡើងនៅម៉ោងប្រមាណ ៧៖៥០នាទី ព្រឹកថ្ងៃពុធនេះ៕