(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៦​ វេលាម៉ោង ៨៖៣០នាទីព្រឹក។

លោក លី សុផាណា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ​ ជាអ្នកចេញដីកាកោះហៅនេះ, ដោយលោកមេធាវី គី តិច នឹងចូលឆ្លើយនៅថ្ងៃទី០៥ ខែសីហា ២០១៦ ពេលព្រឹក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនោះ បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីបញ្ជូនដីកាកោះនេះ ទៅសាម៉ីខ្លួន។

សូមជំរាបថា មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន​ ថាជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី៕