(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានបាត់បង់ ហើយនឹងបន្តបាត់បង់ទៅមុខទៀតនូវទំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីឦសាន បូករួមទាំងការប្រឈមមុខនឹងកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសកូរ៉េខាងជើងថែមទៀត ដោយសារតែកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីទទួលបានប្រព័ន្ធ ការពារគ្រាប់មីស៊ីលមកបំពាក់ក្នុងប្រទេស។ នេះបើតាមបទសម្ភាសន៍រវាងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ជាមួយនឹងលោក Jeong Se-hyun អតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

លោក Jeong ដែលធ្លាប់កាន់តំណែងខាងលើនេះ អស់ពេលពីរឆ្នាំកន្លះ ចាប់ពីឆ្នាំ ២០០២ បានលើកឡើងដូច្នេះថា «យើងមិនឃើញមានការគិតពិចារណាផ្នែកការទូតណាមួយ ត្រូវបានរកឃើញ នៅក្នុងនយោបាយការបរទេសរបស់ប្រទេសកូរ៉េខាងត្បូងនោះទេ។ THAAD នឹងត្រូវអាមេរិកបំពាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមហេតុផលដើម្បីការពារការគំរាមដោយនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ពីសំណាក់ប្រទេសកូរ៉េខាងជើង ប៉ុន្តែទាំងអស់នេះតែជាហេតុផលនៅលើគោកប៉ុណ្ណោះ»។

ការលើកឡើងរបស់អតីតរដ្ឋមន្ត្រី ដែលធ្លាប់សម្រួលឲ្យមានទំនាក់ទំនងប្រសើរឡើងរវាងកូរ៉េខាងត្បូង និង ខាងជើង នេះដែរគឺបានបង្ហាញពីការជំទាស់រួចជាស្រេចទៅហើយរបស់លោក ចំពោះការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ ដែលជាផលិតផលរបស់អាមេរិក។ ទោះបីជាប្រទេសជិតខាងទាំង អស់រួមទាំងមតិក្នុងស្រុកជាច្រើនបានសម្តែងការប្រឆាំងក៏ដោយ ក៏អាមេរិកនិងកូរ៉េខាងត្បូងហាក់មិនបាន អើពើ ឬបង្ហាញពីជំហរដែលអាចទទួលយកបានណាមួយ ឲ្យគ្រប់គ្នាស្ងប់ចិត្តនោះឡើយ។

លោក Jeong នូវបានចោទប្រកាន់រដ្ឋាភិបាលប្រធានាធិបតីលោកស្រី ផាក គឺនហេ ទៀតថា មិនដែល បានគិតគូពីផលចំណេញ ឬការបាត់បង់អ្វីឡើយចំពោះការដាក់ពង្រាយ THAAD ហើយលោកក៏បានសំឡឹងមើលឃើញទៀត ថា ទង្វើនេះនឹងរុញច្រានកូរ៉េខាងត្បូងឲ្យធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកបំផុតមួយ នៅក្នុងការរក្សាទំនាក់ ទំនងការទូត និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ខណៈទាំងចិននិងរុស្ស៊ី បានពាក់មុខយក្ស ដាក់កូរ៉េខាងត្បូងរួចទៅហើយ ដោយគ្រាន់តែបានដឹងពីកិច្ចព្រមព្រៀងបំពាក់ THAAD ភ្លាមៗនោះ។

ជុំវិញហេតុផលមិនសមស្របរបស់អាមេរិកនោះ លោក Jeong បានបញ្ជាក់ដូច្នេះថា «ការដាក់ពង្រាយ THAAD គឺជាការចង់បានរបស់អាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនអះអាងថា ដើម្បីការពារទីក្រុងសេអ៊ូល ពីការគំរាមកំហែងដោយកូរ៉េខាងជើង ប៉ុន្តែបើតាមការពិតទៅនោះគឺគោលដៅពិតប្រាកដរបស់អាមេរិក ដើម្បីធ្វើការឈ្លបយកការណ៍ និងត្រួតពិនិត្យកងកម្លាំងយោធានៅក្នុងប្រទេសចិន និង ភាគខាងកើត នៃប្រទេសរុស្ស៊ី តែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ លោក Jeong ហាក់បានចោទជាសំនួរថាតើប្រព័ន្ធ THAAD អាចការពារប្រទេស កូរ៉េខាងត្បូងបានដែរទេ បើទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថាខ្លួនមានគ្រាប់មីស៊ីលរហូតដល់ទៅជាង ១,០០០គ្រាប់ ដែលត្រូវបានដាក់តម្រង់ទិសរួចជាស្រេចទៅកាន់កូរ៉េខាងត្បូងនោះ? ជាក់ស្តែង THAAD ដែលគ្រោង នឹងដាក់នៅចុងឆ្នាំ ២០១៧ នោះមានប្រព័ន្ធចាប់គ្រាប់មីស៊ីលតែចំនួន ៤៨ និង ជើងទម្របាញ់មីស៊ីលចល័តតែ ៦គ្រឿងប៉ុណ្ណោះ។

សរុបសេចក្តីមកហេតុផលដែលអតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានលើកឡើងនេះ វាសមល្មម ឲ្យគ្រប់គ្នាស្វែងយល់អំពីភាពពិតនៃការដាក់ពង្រាយប្រព័ន្ធ THAAD ដែលជម្រុញដោយ អាមេរិកនៅកូរ៉េខាងត្បូង ថានឹងជាផលប្រយោជន៍សម្រាប់នរណាឲ្យពិតប្រាកដ។ តាមការលើកឡើងនេះ កូរ៉េខាងត្បូងនឹងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារការរលាយចំណងការទូតជាមួយប្រទេសជិតខាង និងការប្រឈមមុខចំពោះការវាយប្រហារដោយកូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាងទប់កំហឹងលែងបាន៕