(កណ្តាល)៖ ព្រៃលិចទឹករាប់រយហិកតា ស្ថិតនៅចំណុចបឹងក្នុង និងបឹងអន្សោង ដែលជាអតីតដែនឡូត៍នេសាទលេខ១៧ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានរដ្ឋអំណាច និងប្រជាពលរដ្ឋមូលដ្ឋាន អះអាងថា មានក្រុមហ៊ុនមួយឈ្មោះ «សិញដាយ» យកគ្រឿងចក្រជាច្រើនគ្រឿង ទៅឈូសឆាយកិនកម្ទេចវាទទីយកធ្វើជាដីកម្មសិទ្ធិ។

ក្រុមហ៊ុនឯកជនមួយនេះ ក៏កំពុងរំលោភយកដីប្រជាពលរដ្ឋជាច្រើនហិកតាផងដែរ ដែលពួកគាត់កំពុងតែកាន់កាប់ និងអាស្រ័យផល។ អាជ្ញាធរមូលដ្ឋាន បានលើកឡើងថា ដីដែលក្រុមហ៊ុនកំពុងវាទទីនេះ គឺជាដីរដ្ឋប្រភេទព្រៃលិចទឹក សម្រាប់ត្រីពងកូន ដែលប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាត់ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាលក្ខណៈគ្រួសារ។

លោក រាប នឿន ប្រជាពលរដ្ឋម្នាក់ នៅមូលដ្ឋាននាតំបន់នោះ បាននិយាយថា ក្រុមហ៊ុន «សិញដាយ» បានរំលោភយកដីរបស់គាត់ អស់ជាច្រើនហិកតាដោយបានដាក់គ្រឿងចក្រ ចូលឈូសឆាយខូចខាតបំបាត់ដាន ដែលគាត់ធ្លាប់អាស្រ័យផល។ លោកបានបន្តថា «ក្រុមហ៊ុនមួយនេះ បានមកធ្វើទុក្ខបុកម្នេញពលរដ្ឋ ក្នុងឃុំបារុងដែលធ្លាប់តែមានសេចក្តីពីមុនមកនោះ ទៅជាជួបទុក្ខលំបាកឥតឈប់ឈរ។ ដូច្នេះហើយយើងខ្ញុំសូមសំណូមពរ ដល់សម្តេចប្រមុខរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍ និងជួយដោះស្រាយដល់ក្រុមគ្រួសាររបស់យើងផង ព្រោះមានតែសម្តេចទេ ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ត្រូវបានគេរំលោភបំពាននោះ»។

ចំណែកប្រជាពលរដ្ឋរស់នៅឃុំបារុង ស្រុកល្វាឯម បាននិយាយថា ពួកគាត់មានទុក្ខកង្វល់ដោយសារក្រុមហ៊ុន «សិញដាយ» រំលោភយកដីពួកគាត់ អស់ជាច្រើនហិកតា ដោយដាក់គ្រឿងចក្រ ទៅឈូសឆាយវាទទីទន្ទ្រានយកទាំងអស់។ ប្រជាពលរដ្ឋរូបនេះ បានត្អូញទួញសោកថា « ជីវិតគ្រួសារពួកយើង រំពឹងទៅលើដីនេះ គ្រាន់បានដាំដុះ គ្រាន់បានកំរៃយកទៅផ្គត់ផ្គង់ទាំងកូនចៅរៀនសូត្រ និងហូបចុកប្រចាំថ្ងៃ ប៉ុន្តែពេលនេះក្រុមហ៊ុនមករំលោភយកដីគ្មានសល់ធ្វើឲ្យគ្រួសារពួកគាត់ជួបទុក្ខលំបាកយ៉ាងខ្លាំង។ដូច្នេះយើងខ្ញុំ សំណូមពរដល់សម្តេចតេជោ មេត្តាជួយដោះស្រាយជូនពលរដ្ឋ ដើម្បីបានប្រកបរបរចិញ្ចឹមជីវិតបន្តទៀត»

ពាក់ព័ន្ធការរំលោភបំពានដី ប្រជាពលរដ្ឋខាងលើនេះ លោកមេឃុំបារុង បានឲ្យដឹងថា ក្រុមហ៊ុន បានដាក់គ្រឿងចូលមកឈូសឆាយព្រៃលិចទឹករាប់រយហិកតា ដែលជាតំបន់ត្រីពងកូនក្នុងរដូវទឹកតម្លើង ហើយព្រៃនេះ គឺជាកន្លែងបង្កាត់ពូជត្រីដ៏សម្បូរបែប ហើយក៏ជាដីព្រៃដែលប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ទុកសម្រាប់ប្រជាពល រដ្ឋប្រើប្រាស់ជាលក្ខណៈគ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រ ប៉ុន្តែក្រុមហ៊ុន «សិញដាយ» បានដាក់គ្រឿងចក្រឈូសកម្ទេចព្រៃយកធ្វើជាដីកម្មសិទ្ធិ សូម្បីតែរូបលោកជាមេឃុំក៏មិនដែលដឹងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមិនដឹងថា ទិញដីនេះពីពលរដ្ឋណា និងកាលពីពេលណាទេ ព្រោះគ្មានគល់បញ្ជីកត់ត្រាត្រឹមត្រូវនោះឡើយ។

លោកបានបន្តថា ដីព្រៃដែលក្រុមហ៊ុនកំពុងវាទទីនេះ គឺស្ថិតនៅចំណុចបឹងក្នុង និងបឹងអន្សោង ដែលរដ្ឋហាមឃាត់ ទោះជាបុគ្គលណាក៏ដោយ មិនអាចយកធ្វើជាកម្មសិទ្ធិបានដែរ គឺមានសិទ្ធិត្រឹមតែអាស្រ័យផលប៉ុណ្ណោះ។ ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាព Fresh News មិនមានប្រភពណាមួយដើម្បីទំនាក់ទំនង ទៅភាគីក្រុមហ៊ុនទេ ដើម្បីការបំភ្លឺបាននៅឡើយទេ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះដោយសារតែគ្មានលេខទូរស័ព្ទ៕