(កំពង់ស្ពឺ)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី BU Jianguo ឯកអគ្គទូតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ជំហររបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាជំហរអាព្យាក្រឹត នៅក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូង ជាពិសេសការមិនគាំទ្រ ទៅលើសេចក្តីសម្រេចរបស់តុលាការ មជ្ឈិតកម្មអន្តរជាតិ​ឡាអេ ដែលគាំទ្រឲ្យចិនឈ្នះក្តីលើសមុទ្រចិនខាងត្បូង គឺមិនត្រឹមតែធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចិន វាយតម្លៃខ្ពស់នោះទេ សូម្បីប្រជាពលរដ្ឋចិន រាប់លាននាក់ បានសម្តែងការសាទរយ៉ាងខ្លាំង

លោកស្រីឯកអគ្គទូតចិន ប្រចាំនៅកម្ពុជា​ ដែលបានឡើងថ្លែងនៅក្នុងពិធីសម្ពោធនោះបានប្រកាសថា ប្រជាជនចូលរួម Like និងគាំទ្រលើទស្សនៈរបស់ នាយករដ្ឋមន្រ្តីកម្ពុជា ហើយប្រជាពលរដ្ឋចិន បានប្រកាសថា នឹងនាំគ្នាមកទស្សនានៅកម្ពុជា និងទិញកសិផលរបស់កម្ពុជាផងដែរ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្ត​កំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើន។

កំណាត់ផ្លូវជាតិលេខ៤៤នេះ មានប្រវែង១៣៩,៦០៧គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន។ គម្រោងផ្លូវជាតិលេខ៤៤ ចំណាយថវិកា ៨០.៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា៕