(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលមានព្រះជន្មាយុ ៨៨វស្សាទៅហើយនោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលអាការៈរោគ គ្រុនក្តៅ និង អាចមានមេរោគក្នុងឈាមព្រះអង្គថែមទៀតផង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជវាំងថៃ ដែល Channel News Asia ដកស្រង់នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

ក្រុមគ្រូពេទ្យថៃ តែងតែធ្វើការត្រួតពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ជារៀងរាល់ខែហើយកាលពីខែមុននេះ ព្រះបាទ ភូមិបុល បានទទួលការព្យាបាលនៅផ្នែកឆ្អឹងខ្នង។ ព័ត៌មានស្តីសុខភាពរបស់ព្រះមហាក្សត្រថៃ ត្រូវបាន ប្រជាជនថៃទាំងអស់ធ្វើការតាមដានយ៉ាងលម្អិតបំផុត ក៏ព្រោះតែពួកគេគោរពស្រឡាញ់ព្រះមហាក្សត្រស្មើនឹងជីវិត។

គួរបញ្ជាក់ថារយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ព្រះមហាក្សត្រថៃបានយាងចូលមន្ទីរពេទ្យទីក្រុងបាងកក ជាញឹកញាប់ ហើយពេលចុងក្រោយដែលប្រជានុរាស្ត្រទូទាំងប្រទេសបានឃើញព្រះអង្គ ជាសាធារណនោះគឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ដោយព្រះអង្គបានចំណាយពេល បំពេញព្រះរាជទស្សនកិច្ចនៅជុំវិញរាជវាំង ក្នុងរាជធានីបាងកក៕