(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាកសិករ​ខ្មែរនាំគ្នាចិញ្ចឹម​សត្វបន្ថែម ដើម្បីបង្កើនចំណូល​ពីលើការដាំដុះ ខណៈសាច់សត្វនៅ​កម្ពុជាតម្រូវការអាហារ​ដ៏​ទាក់ទាញមួយសម្រាប់​​ប្រទេសនៅ​លើពិភពលោក។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយជាសាធារណៈនូវច្បាប់ស្តីពីច្បាប់ស្តី ពីច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ លោក វេង សាខុន បានថ្លែងថា គេតែងនិយាយ​អំពីការកាត់បន្ថយភាពក្រីក្រ​រ​បស់ប្រជាពលរដ្ឋ តែមិនដែលបានឮពី​ការនិយាយពីវិធីបង្កើនចំណូលរបស់​ប្រជាកសិករនោះឡើយ។

ដើម្បីបង្កើនចំណូលបន្ថែមពីលើការដាំដុះ ការចិញ្ចឹមសត្វជាវីធី ដ៏ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន។

លោករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «យើងភ្លេចគិតនូវការជំរុញលើកកម្ពស់កសិករ យើងឃើញជារៀងរាល់ឆ្នាំគេជជែកពីការតម្លើងប្រាក់ ខែជូនកម្មករ។ ជារៀងរាល់ឆ្នាំតែងជជែកគ្នា មូលហេតុអ្វី? ព្រោះសេដ្ឋកិច្ចវាឈានឡើងដូចកាំជណ្តើ កម្មករទាមទារឡើងប្រាក់ខែ។ ប៉ុន្តែ កន្លងមកនេះ មិនដែលមានគេនិយាយថា ឬទាមទារឲ្យកសិករហ្នឹងប្រាក់បៀវត្សរ៍ ឬក៏មធ្យោបាយផ្សេងៗទៀត។ គោលដៅយើងកាត់ បន្ថយភាពក្រីក្រ តែអត់មានយន្តការណាមួយថា ធ្វើយ៉ាងម៉េចបង្កើននូវចំណូលកសិករឲ្យស្របតាមកំណើនសេដ្ឋកិច្ច ដែលនេះជាចំណុច សំខាន់ណាស់»

លោក វេង សាខុន បានបង្ហាញការជឿជាក់ថា កសិករនឹងទទួលបានកំណើនសេដ្ឋកិច្ច តាមរយៈការចិញ្ចឹមសត្វ។ លោកបន្តថា តាមដំណើរចុះទៅតាមបណ្តាខេត្តមួយចំនួន បានរកឃើញថា ការចិញ្ចឹមសត្វបានបង្កើនចំណូលដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានថ្លែងថា សាច់សត្វនៅកម្ពុជា គឺជាសាច់ ដែលមានការចាប់អារម្មណ៍ខ្ពស់​មួយនៅតាមទីផ្សារនានាលើ​ពិភពលោកនេះ ដោយសារតែសាច់សត្វ​នៅកម្ពុជាចិញ្ចឹម​បែបធម្មជាតិច្រើន។

លោក វេង សាខុន បានឲ្យដឹងថា កម្ពុជា កំពុងនាំចូលសាច់សត្វពីប្រទេស​ជិតខាងប្រមាណ ១រយលាន​ដុល្លារក្នុង​មួយឆ្នាំ។ លោកបន្តថា នៅឆ្នាំ២០២០ ពេលដែលប្រជាពលរដ្ឋ​កម្ពុជាកើនដល់ ១៧លាននាក់ បូកជាមួយភ្ញៀវទេសចរ​អន្តរជាតិចន្លោះពី ៧លាននាក់ឡើង ទៅ កម្ពុជាត្រូវការសាច់សត្វរហូតដល់ ៣១៤ពាន់តោន៕