(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានថ្លែងថា លោកនឹងជួយសម្រួលដល់ពលករខ្មែរ ដែលបម្រើការងារនៅក្នុងប្រទេសថៃ ឲ្យបានចុះឈ្មោះបោះឆ្នោត​ប្រសិនបើមានសំណើពីគណៈកម្មាថិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការថ្លែងបញ្ជាក់របស់លោក អ៉ិត សំហេង គឺឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងស្នើឲ្យក្រសួងការងារជួយសម្រួលដល់ពលករខ្មែរ ឲ្យបានចូលរួមចុះឈ្មោះបោះឆ្នោត ដែលនឹងធ្វើ​នៅអំឡុងខែកញ្ញា ខាងមុខនេះ។ គណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានចេញលិខិតទៅ គ.ជ.ប ផងដែរ ឲ្យរៀបចំការិយាល័យនៅតាមព្រំដែន ដើម្បីឲ្យពលករខ្មែរនៅថៃ បានមកចុះឈ្មោះ​បោះឆ្នោត ក៏ដូចជាបានចូលរួមបោះឆ្នោត។

លោក អ៉ិត សំហេង បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថា «ចំពោះរឿងនេះ យើងត្រូវតែធ្វើទៅតាមច្បាប់ស្ដីពី ការបោះឆ្នោត បើច្បាប់តម្រូវ​ឱ្យចុះ​ឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឯណា គឺយើងត្រូវអនុវត្តតាម ព្រមទាំងអនុវត្តឱ្យស្របតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ហើយក្រសួង​ការងារចាំតែ​សម្រួលតាមសំណូមពររបស់ គ.ជ.ប ទេ»។

លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវកាតព្វកិច្ច និងសិទ្ធិសេរីភាព ក្នុងជ្រើសរើស​ថ្នាក់ដឹកនាំតាម​មូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន៕