(សៀមរាប)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមទាំងលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ និងមន្ត្រី ក្រុមការងារខេត្ត បានចុះពិនិត្យសាលដីការបស់តុលាការកំពូល ស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿងដីធ្លីរវាងឈ្មោះ តាំង វុទ្ធី ភេទស្រី និង លោកតា ហាន់ ហេង ដែលត្រូវជាឪពុកធំ និងក្មួយនេះ បានធ្វើការប្តឹងផ្តល់គ្នា ចាប់តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ អំពីបញ្ហាព្រំប្រទល់ដី ហើយត្រូវបានតុលាការកំពូល ចេញសាលដីការជាស្ថាពរ នៅឆ្នាំ២០១៥ ជូនដល់ឈ្មោះ តាំង វុទ្ធី ជាអ្នកឈ្នះក្តីនេះ។ លោកបានបន្តទៀតថា ក្រោយពីសាលដីការចេញហើយនោះ ស្រាប់តែ លោកតា ហាន់ ហេង បានប្តឹងថា ឈ្មោះ តាំង វុទ្ធី បានធ្វើរបងបិទផ្លូវសាធារណៈទៅវិញ។

លោក ឃឹម ប៊ុនសុង បានលើកឡើងថា តាមសាលដីការបស់តុលាការកំពូល គឺជាការសម្រេចប្រកបដោយភាពយុត្តិធម៌ជូនដល់ភាគីម្ខាងតែភាគីចាញ់ក្តី ក៏មានការ ខឹងសម្បារ ចំពោះចំណាត់ការរបស់តុលាការផងដែរ។ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះមន្ត្រីសុរិយោដីខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ នូវបញ្ហាការចេញបណ្ណកម្មសិទ្ធិ សំគាល់អចលនទ្រព្យ ជូនដល់ភាគីទំនាស់ទាំងពីរ ព្រមទាំងពិនិត្យឲ្យបានត្រឹមត្រូវ អំពីបញ្ហាអ្នកដែលមាន ព្រំប្រទល់ជាប់គ្នាឲ្យបានច្បាស់លាស់។

អំពីបញ្ហាដីទំនាស់នេះ ត្រូវបានតុលាការធ្វើការកាត់ក្តី តែដីពាក់កណ្តាលទេ មិនបានប៉ះពាល់ដល់ដីនៅផ្នែកខាងក្រោយឡើយ។ លោកអភិបាលក៏បានបន្ត ទៀតថា រាល់ការងារទាំងនេះអាជ្ញាធរខេត្តមិនទាន់ មានការអនុមត័ ឡើយ មានតែតុលាការ ដែលជាស្ថាប័នច្បាប់ គឺជាអ្នកសម្រេចទៅតាមផ្លូវច្បាប់ ហើយការចុះមកនេះក៏ជាការត្រួត ពិនិត្យទៅលើការអនុវត្តរបស់តុលាការលើសាលដីការបស់តុលាការកំពូល ចំពោះបញ្ហានេះ។

ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការសិក្សានូវផ្លូវមួយខែ្ស ក្នុងភូមិវត្តស្វាយ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ ដែលមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវវាងក្រុងសៀមរាប ទៅភ្ជាប់ផ្លូវគោកស្រឹត ចូលទៅផ្សារក្រោម ដោយចាក់ក្រាលគ្រួសក្រហម។ ក្នុងនោះដែរបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅអមសង្ខាងដងផ្លូវនេះ មានការសាទរ នូវការផ្តល់ផ្លូវមួយខ្សែ ដើមី្បស្រួលក្នុងការធ្វើចរាចរណ៍ទៅមក សំខាន់សម្រាប់ សិស្សានុសិស្សបានទៅសិក្សាទាន់ពេលវេលាផងដែរ៕