(កំពត)៖ លោក ចម ប្រសិទ្ធ  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត ដែលផ្តោតលើវិស័យអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦។

តាមរបាយការណ៌ឆមាស របស់ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា រយៈពេល០៦ ខែដើមឆ្នាំ ក្រុមការងារចុះមូលដ្ឋាន បានធ្វើវេទិការសាធារណៈ ក្នុងក្រុង ស្រុក ទាំង ប្រាំបី បានចំនួន ៤៤ លើក មានប្រជាពលរដ្ឋចូលរួមចំនួន៥០៨៤ នាក់ ស្រីចំនួន ២៤៨៨នាក់ និងប្រមូលបានបញ្ហាសំណូមពរសរុបចំនួន ២០០។ ក្នុងនោះ បានដោះស្រាយរួចចំនួន១០៨ កំពុងដោះស្រាយចំនួន ៥២ និងមិនទាន់ដោះស្រាយចំនួន ៤០ ដែលក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទមានចំនួន ៣១ បញ្ហាសំណូមពរ ដែលភាគច្រើនមានដូចជា ការធ្វើផ្លូវ ជួសជុលផ្លូវ ស្ពាន ប្រព័ន្ធលូរ ស្តារស្រះ ជីកស្រះ និងអណ្តូងស្នប់ ជាដើម ។

មុននឹងមានការលើកឡើង លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យអង្គប្រជុំស្មឹងស្មាធចំនួន៣០ វិនាទី ដើម្បីគោរពដល់វិញ្ញាណក្ខ័ណ្ឌដល់អតីតៈសព លោកនាយឧត្តមសេនីយ៍ ឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់ត្រាច ដែលទើបទទួលមរណៈភាព កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ។

បន្ទាប់មកអង្គប្រជុំ បានដំណើរការ ដោយលើកបញ្ហាម្តងមួយៗមកពិភាក្សាដោះស្រាយ ជាទីបញ្ចប់អង្គប្រជុំ បានស្វែងរកដំណោះស្រាយប្រកបដោយផ្លែផ្កា និងលទ្ធផលគួរជាទីមោទនៈ គឺបញ្ហាខ្លះត្រូវផ្ទេរបន្ទុកដោះស្រាយ ពីសមត្ថកិច្ចថ្នាក់ជាតិមកថ្នាក់មន្ទីរ និងមកថ្នាក់ឃុំ បញ្ហាមួយចំនួនត្រូវកត់ត្រាចូល ក្នុងរបាយការណ៌ដើម្បីអនុវត្តតាមដាន ក្នុងផែនការអភិវឌ្ឍន៍ឆ្នាំ និងបញ្ហាមួយចំនួនទៀត ត្រូវដាក់ជាកត្តាអាទិភាពក្នុងផែនការអភិវឌ្ឍន៍ ។

ដោយឡែក បញ្ហាចំនួនពីរត្រូវបានលោកទេសរដ្ឋមន្ត្រី សម្រេចដោះស្រាយភ្លាមៗ ដោយលោកចំណាយថវិកាផ្ទាល់ខ្លួន គឺការធ្វើអណ្តូងស្នប់បូមទឹកដោយចរន្តអគ្គិសនី ចំនួនពីកន្លែង គឺនៅភូមិអូរស្លែង និងភូមិអូររលួស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អស់ទឹកប្រាក់សរុបចំនួន ៣.៧០០ ដុល្លារអាមេរិក គឺជាស្តង់ដារអណ្តូងស្នប់ដែលលោក បានសាកល្បងជោគជ័យរួចហើយ ចំនួន០២អណ្តូង សម្រាប់ តំបន់ខ្វះខាតទឹក ក្នុងខេត្តកំពតនេះ ដែលត្រូវជីកជម្រៅ៧០ ម៉ែត្រ និងអាចបូមទឹកបាន ៤ម៉ែត្រត្រីគុណ ក្នុងមួយម៉ោង អស់ទឹកប្រាក់មួយអណ្តូងចំនួន ១៨៥០ ដុល្លារអាមេរិក។

ថ្លែងបិទអង្គប្រជុំ លោកទេសរដ្ឋមន្ត្រី បានកោតសរសើ វាយតំលៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ ដែលបានចុះស្រង់បញ្ហាតាមវេទិការសាធាណៈ ហើយខិតខំរួមគ្នាដោះស្រាយ បន្ថយបាននូវបញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋ មូលដ្ឋានបានជាអតិបរមា។ ថ្ងៃនេះទៀត យើងក៏បានដោះស្រាយកាត់បន្ថយបញ្ហា បានយ៉ាងច្រើន  ដែលសុទ្ធជាបញ្ហាអភិវឌ្ឍន៍ជនបទ ដែលមានឥទ្ធិពលដោយផ្ទាល់ ចំពោះប្រជាពលរដ្ឋមូលដ្ឋាន។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យអាជ្ញាធរខេត្ត និងក្រុមការងារ ត្រៀមលក្ខណៈឲ្យបានគាប់ប្រសើរ ដើម្បីទទួលដំណើរទស្សនៈកិច្ច ស្វែងយល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើទឹកដីខេត្តកំពត នាពេលខាងមុខនេះ៕