(ភ្នំពេញ)៖ ក្រសួងយុវជនអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យអាណាព្យាបាល មាតាបិតាសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ កុំឲ្យចាញ់បោកជនខិលខូច ឬជនឱកាសនិយមមួយចំនួន ដែលដើរសន្យាថា ជួយរត់ការឲ្យប្រឡងជាប់ ជាថ្នូរនឹងថវិកាមួយចំនួន។

ក្រសួងអប់រំបានអំពាវនាវថា «សូមអាណាព្យបាល មាតាបិតា និងបេក្ខជន ប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់ កុំឲ្យចាញ់បោកពាក្យភូតកុហក របស់ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអសារបង់ និងសូមអំពាវនាវឲ្យបេក្ខជនទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមបទប្បញ្ញត្តិនានា ក្នុងដំណើរការប្រឡង»

ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការបញ្ជាក់យ៉ាងដាច់អហង្ការថា តំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២២ សីហា ២០១៦ខាងមុខ និងប្រព្រឹត្តិទៅដោយគោរពតាមគោលការច្បាប់ យុតិ្តធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមទិសស្លោក «អ្នកចេះគឺជាប់»។

ជាមួយគ្នានេះ ក្រសួងអប់រំក៏ បានជំរុញឲ្យអាណាព្យាបាល មាតាបិតា និងបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់ រួមទាំងសាធារណជនផងដែរ មេត្តាផ្តល់ព័ត៌មាន និងអត្តសញ្ញាណជនខិលខូចដែលដើរសន្យារត់ការឲ្យជាប់បាក់ឌុប មកក្រសួង ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយក្រសួងធានារក្សានូវការសម្ងាត់ជូន៕