(ភ្នំពេញ)៖ រឿង «ស្នេហ៍ស្វ័យគុណបួន» ជារឿងខ្មែរទី១ដែលសហការសរសេរ និងផលិតដោយអតីតផលិតករដ៏ឆ្នើម របស់អង្គការ BBC Media Action លោក Deepdendra Gauchan ជនជាតិនេប៉ាល់ និងអតីតម្ចាស់ពានរង្វាន់លេខ១ មហោស្របភាពយន្តខ្នាតខ្លី​អាស៊ីអាគ្នេយ៍ (Tropfest) កញ្ញា សុធា អ៊ីណេស បានចាប់ផ្តើមថត ជាផ្លូវការហើយ នាពីព្រឹកមិញនេះ ដោយសហការផលិត រវាងក្រុមហ៊ុន STUDIO4, Come Together និងបណ្តាញទូរទស្សន៍ CTN ព្រមជាមួយម្ចាស់ ឧបត្ថម្ភជាច្រើនទៀត។

រឿង «ស្នេហ៍ស្វ័យគុណបួន» (Love To The Power of 4) ជារឿងមនោសច្ចេតនា ស្នេហា បែបកំប្លែង ​និយាយពីដំណើរស្នេហា របស់យុវវ័យបួនគូ ជំនះរឿងរ៉ាវជាច្រើន ដើម្បីសម្រេចក្តីស្រមៃ និងមហិច្ឆតា រៀងៗខ្លួន។

លោក Deepdendra Gauchan សហផលិតករ និងអ្នកសរសេរ បានមានលើកឡើងថា «ទោះបីជាខ្សែភាពយន្តនេះ កើតឡើងជាចម្បង​នៅប្រទេសកម្ពុជា​ក៏ដោយ ក៏ប្រធានបទនេះ គឺជាសាច់រឿងដែលកើតមានក្នុងជីវិតគូ របស់មនុស្សក្នុងសកលលោក​ទាំងមូល។ សេចក្តីស្នេហា បំណងប្រាថ្នា ការបំពេញនូវក្តីស្រម៉ៃ ភាពជូរចត់ ភាពក្រអើតក្រទម គឺជារឿងរ៉ាវ ដែលគូស្នេហ៍គ្រប់រូប គ្រប់សង្គម គ្រប់វប្បធម៌ប្រឈមមុខ​»

លោក ឈិន សុធា នាយកប្រតិបត្តិ ក្រុមហ៊ុន STUDIO4 បានបញ្ជាក់ថា រឿង«ស្នេហ៍ស្វ័យគុណបួន» ជារឿងដែលមានការចូលរួមសម្ដែង ដោយតារាល្បីៗ​នៅកម្ពុជា រួមមាន កញ្ញា មាន សូនីតា,កញ្ញា ឌុច លីដា, នាង ប៊ីរីយ៉ា, កញ្ញា ចាន់ ស្រីរ័ត្ន, លោក សេម (ឆាលី), ជេកគី, ជី រតនា, អាន តូនី និងតារាល្បីៗជាច្រើនរូបទៀត។ លោក បន្តថា រឿងនេះ នឹងមាននិពន្ធបទភ្លេងថ្មីៗ ដោយតារាចម្រៀង​ដ៏ល្បីៗនៅកម្ពុជា។

សូមបញ្ជាក់ថា ខ្សែភាពយន្ត «ស្នេហ៍ស្វ័យគុណបួន» មានគម្រោងថតរយៈពេល១ខែ ហើយរឿងនេះ នឹងដាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៦នេះ មុននឹងដាក់បញ្ចាំង នៅទូរទស្សន៍ CTN នាឆ្នាំក្រោយ៕