(ភ្នំពេញ)៖ ក្នុងជំនួបជាមួយអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាដែលទើបចប់អាណត្តិ នៅព្រឹកមិញនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានផ្ដល់ជំនួយ កម្ចី និងការវិនិយោគយ៉ាងច្រើន ដល់កម្ពុជា ធ្វើឲ្យមានការវិវត្តសង្គមសេដ្ឋកិច្ច នៅកម្ពុជាដូចសព្វថ្ងៃ។ លោកថា កម្ពុជាពុំអាចកាត់ផ្ដាច់បានពី ជំនួយដ៏ថ្លៃថ្លារបស់ចិនឡើយ។ នេះបើតាមលោកថា ថៃ វណ្ណា ទីប្រឹក្សាឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ លោកស្រី ប៊ូ ជីនហ្គ័ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្ដីការគណរដ្ឋមន្ដ្រី។ ក្នុងជំនួបនេះដែរ លោកស្រី ប៊ូ ជីនហ្គ័ បានថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ដ្រី ដែលបានខិតខំជួយគាំទ្រដល់បេសកកម្មរបស់លោកស្រី រយៈពេល ៣ឆ្នាំកន្លងមក។ ជាងនេះទៅទៀត លោកស្រីអគ្គរដ្ឋទូត បានលើកឡើងថា ឧបនាយរដ្ឋមន្ដ្រី ជាមិត្តដ៏ល្អសម្រាប់រដ្ឋាភិបាលចិន និងប្រជាជនចិនទាំងអស់។

ចំណែក ឧបនាយរដ្ឋមន្ដ្រី ហោ ណាំងហុង ក៏បានថ្លែងអំណរគុណចំពោះ លោកស្រី និងសហការី ដែលបានមកបំពេញបេសកកម្ម នៅកម្ពុជារយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦នេះ ប្រកបដោយភាពជោយជ័យ ដោយបានលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសាធារណរដ្ឋប្រមានិតចិន និងកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំនៃបេសកកម្មរបស់លោកស្រី គឺប្រកបដោយភាពជោគជ័យ ដែលនាំធ្វើឲ្យភាគីទាំង២បានពង្រឹង និងពង្រីក ព្រមទាំងមានការកើនឡើងជាលំដាប់ ដែលទី១-ក្នុងវិស័យពាណិជ្ជកម្មគឺបានកើនឡើង ជាង៤០០០លានដុល្លារ ទី២-បញ្ហាវិនិយោគបានកើនដល់៨០០០លានដុល្លារ។ ឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនោះ ចិនក៏បានផ្ដល់ជំនួយឥតសំណង់ ប្រមាណ ៥០លានដុល្លារ ព្រមទាំងជំនួយផ្សេងៗ ដូចជា រថយន្ដសង្គ្រោះបន្ទាន់២០០គ្រឿង និងសម្ភារៈពេទ្យ២០០គ្រឿងផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងកិច្ចការរបស់លោកស្រី ប្រជាជនចិន និងរាជរដ្ឋាភិបាលចិន បានជួយកម្ពុជាក្នុងសាងសង់ស្ពាន៤ ក្នុងនោះមាន ស្ពានជ្រោយចង្វារទី២ ស្ពានកោះធំ ស្ពានតាខ្មៅ និងស្ពានទន្លេសេកុង ហើយរដ្ឋាភិបាលចិន បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា២៥នាក់ ផងដែរ។

ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ចិនជាប្រទេសទី១ដែលបានជួយ អភិវឌ្ឍវារីអគ្គសនីនៅកម្ពុជា មានទឹកប្រាក់ស្មើរ៣០០០លានដុល្លារ ក្នុងនោះបានសាងសង់វារីអគ្គសនីចំនួន៧កន្លែង ហើយ ៦កន្លែង បានរួចជាស្ថាពរ និងមួយទៀតកំពុងដំណើរការសាងសង់ ដែលវារីអគ្គសនីទាំងអស់ផ្ដល់ថាមពល បាន ៩២៨.១ មេកាវ៉ាត់៕