(កំពង់ឆ្នាំង)៖ ក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់សមាជិកគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុង ដើម្បីរក្សាសមិទ្ធផល និង ដំបូលសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅចំពោះមុខអតីតយុទ្ធជនប្រមាណជា ៥០០នាក់ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា «អតីតយុទ្ធជន ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ច ដើម្បីថែរក្សាភូមិឃុំមានសុវត្ថិភាព ហើយប្រឆាំងដាច់ខាតទង្វើអគតិ ញុះញង់ បង្កហេតុ ដែលនាំឲ្យសង្គមជាតិបែកបាក់»

លោកកិច្ចសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពីតម្លៃសន្តិភាព និង ផលលំបាកជាច្រើនទៀត មុននិងស្វែងរកបានសន្តិភាព ដូចពេលបច្ចុប្បន្ន។ នាយឧត្តមសេនីយ៍ គូសបញ្ជាក់ថា សន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសនា ពេលបច្ចុប្បន្ន គឺរកមកបានដោយការបូជាអស់កម្លាំងកាយចិត្ត របស់ឥស្សរជនជាន់ខ្ពស់កម្ពុជា ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុសន្តិភាពនេះ សូម្បីតែជីវិតក៏បានយកទៅធ្វើជាដើមទុនផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសុខសន្តិភាពជូនប្រជាជន សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិតប្រថុយប្រថាន ចូលចរចាដោយផ្ទាល់ជាមួយមេដឹកនាំ និងទាហានខ្មែរក្រហម នាំយកពួកគេចូលរាជរដ្ឋាភិបាល។ បន្ទាប់ពីការ ចរចានេះ បានធ្វើឲ្យទាហានខ្មែរក្រហមសម្រេចចិត្តរួមរស់ជាមួយរាជរដ្ឋាភិបាល ហើយក៏ជាពេលដែលកម្ពុជាស្គាល់ពន្លឺសន្តិភាពពេញ លេញចាប់ពីឆ្នាំ១៩៩៨មក។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកទៅដល់អតីតយុទ្ធជនថា ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្ត និង ផ្តល់ឱកាសឲ្យសង្គមជាតិទទួលបានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋមានជីវភាពធូរធារ៕