(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ចូលរួមបោសសំអាតបរិស្ថាន ជុំវិញក្រុងប៉ោយប៉ែត។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា យុទ្ធនាការសំអាតបរិស្ថាន​ នេះត្រូវបានក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹង រួចហើយ ឲ្យអាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជា គ្រប់អង្គភាព ស្ថាប័នទាំងអស់ ត្រូវចូលរួមបំផុស ឲ្យមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថានអនាម័យ បានគ្រប់ៗគ្នា ហើយជាក់ស្តែងនៅព្រឹកនេះ យើងឃើញថា មានមន្រ្តី និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចូលរួមក្នុងយុទ្ធនាការសង្គមមួយនេះ យ៉ាងសស្រាក់សស្រាំ។

លោកបានបញ្ជាក់ថា «សាលាក្រុងប៉ោយប៉ែត បានរៀបចំធ្វើពិធីនេះឡើង យើងចែកជា២ក្រុម មួយក្រុមចុះសំអាត បរិស្ថាន តាមដងផ្លូវរហូតដល់ព្រំប្រទល់មូលរបស់ខ្លួនគ្រប់គ្រង និងមួយក្រុមទៀត ចុះសំអាត ជុំវិញតាមផ្លូវជាតិលេខ៥ ដល់ចំណុចរង្វង់មូល»

លោក បន្ថែមថា យុទ្ធនាការសង្គមមួយនេះ ត្រូវបានមន្រ្តីសាលាក្រុង​ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំរាល់ ខែ ដើម្បី លើកកម្ពស់ សុខមាលភាព របស់ប្រជាពលរដ្ឋទូទៅ និងជំរុញ អោយមនុស្សគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ ក៏ដូចជា រក្សារបរិស្ថាន អនាម័យ កាន់តែមានភាព ល្អប្រសើរឡើង សម្រាប់សង្គមជាតិទាំងមូល។ បន្ថែមពីនេះ លោក ង៉ោ ម៉េងជ្រួន បានថ្លែងអំណរគុណចំពោះ មន្ត្រីរាជការ កម្លាំងនគរបាលក្រុង អាវុធហត្ថក្រុង  អាជ្ញាធរសង្កាត់-ភូមិ និងប្រជាការពារភូមិ ដែលតែងចួលរួមសំអាតអនាម័យ ហើយថ្ងៃនេះរដ្ឋបាលក្រុងបំពាក់ធុងសំរាមចំនួន១១៥ធុង ស្លាកបំរាមអប់រំចំនួន១៥ស្លាក រទេះដាក់សំរាមចល័តចំនួន១០គ្រឿង។ ជាងនេះទៅទៀត លោកអភិបាល ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការចូលរួមថែសំអាត បរិស្ថានអនាម័យទាំងអស់គ្នា ព្រោះ ទីក្រុងស្អាតទៅបានលុះមាន ការចូលរួមពីបុគ្គលគ្រប់មជ្ឈដ្ឋានទាំងអស់៕