(បន្ទាយមានជ័យ)៖ ក្រុមជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន៦នាក់ ត្រូវបានកម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់​បញ្ជូនទៅកាន់​តុលាការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់​។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានប្រាប់ភ្នាក់ងារ Fresh News ថា «ជនសង្ស័យគ្រឿងញៀនទាំង៦នាក់កម្លាំងនគរបាលយើង ធ្វើការបង្រ្កាបចាប់ខ្លួនពីកម្លាំង នគរបាល​ស្រុក​មង្គលបុរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញបទបញ្ជាដ៏រឹងតឹង ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងសម្រប​សម្រួលពី​ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ រហូតឈានមកដល់ការបង្ក្រាប ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ​ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ក្នុងភូមិសាស្រ្ត ស្រុកមង្គលបុរី»

លោកបានបន្ថែមថា បញ្ហាគ្រឿងញៀនកន្លងមក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ​ក៏បានដាក់បទបញ្ជាឱ្យមានវិធានការ ម៉ឺងម៉ាត់បំផុតទៅលើការបង្ការ ទប់ស្តាត់ការបង្ក្រាបឱ្យមានប្រសិទ្ធភាព ហើយលោកឧត្តមសេនីយ៍ ក៏ធ្លាប់ប្រមានដកលោកនាយប៉ុស្ដិ៍ ផងទៀតបើអសកម្ម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ។

លោកបញ្ជាក់ថា ជនសង្ស័យទាំង៦ដែលត្រូវបញ្ជូលខ្លួនទៅតុលាការនោះ ទី១-ឈ្មោះ ឆន អេង​ អាយុ៣២ ទី២-ឈ្មោះ ផន រិទ្ធី​ អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ មុត ហៃ​ អាយុ៣២ឆ្នាំ ទី៤-ឈ្មោះ សន ស៊ីវន​ អាយុ២០ឆ្នាំ ទី៥-ឈ្មោះ រុន លីដា​ អាយុ ២៦ឆ្នាំ និងទី៦ ឈ្មោះ ឈឿន វណ្ណៈ​ អាយុ២៥ឆ្នាំ រួមជាមួយវត្ថុ​វត្ថុតាង គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាយ​៥ថង​ ទូរស័ព្ទដៃ​៥គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈ​ប្រើប្រាស់ជាច្រើនផ្សេងទៀត៕