(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ បានបង្កអំពើហិង្សាដោយចាក់មន្រ្តីនគរបាលប៉ុស្តិ៍​សង្កាត់លេខ៣ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលជនរង​គ្រោះបានទៅ​សួរនាំ និងជួយអន្តរាគមន៍​ដោយសារតែ​ជនបង្កបានធ្វើការអុកឡុក ក្នុងហាងផឹកស៊ីមួយនាក្រុងព្រះសីហនុ។ ជនបង្កបានយកដបស្រាបែក​បំបែក ហើយចាក់មកលើជនរងគ្រោះចំពោះ នៅព្រឹកព្រលឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចហាង ស្ប៉ាដឺបា ក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៥និង៤០នាទីព្រឹកនេះម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទ​ប្តឹងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ថា មានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបស់គាត់់តាំងពីម៉ោង១១ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកនេះ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។ ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍ បានចាត់តាំងលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ ឲ្យទៅជួយអន្តរាគមន៍។ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ ភ្លាមនោះ ជនជាតិចិន ឃើញសមត្ថកិច្ចទៅដល់ ក៏ទាញយកដបស្រាវាយបំបែកមាត់ដប ហើយលាក់នៅក្រោយខ្នង រួចដើសំដៅមកសមត្ថកិច្ច។ ជនបង្កបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដប យកមកចាក់ចំដើមទ្រូងជនរងគ្រោះ បណ្តាលឲ្យត្រូវរបួសបីកន្លែង(ធ្ងន់)។ ក្នុងពេលធ្វើសកម្មភាព ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះ បានជួយចាប់ជនជាតិចិននោះចេញ រួចដឹកយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅគ្លីនិកបាយ័ន។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សៅ សំណាង អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់ដេរចំនួន១៨ថ្នេរ)។ ចំណែកជនសង្ស័យមានឈ្មោះ HUANG JINAN អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ីស្នាក់នៅ កាស៊ីណូដាយមិនស៊ី។  បច្ចុប្បន្នជនសង្ស័យកំពុងត្រូវកសាងសំណុំរឿងតាមនីតិវិធី។ នៅព្រឹកថ្ងៃ​ដដែលនេះដែរ គេក៏ឃើញលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យផងដែរ៕