(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន​ ថាជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ប្រមាណជាង១ម៉ោងក្រោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានហៅការដាក់ពាក្យបណ្តឹងរបស់ប្រមុខរាជរដ្ឋាភិបាល នៅពេលនេះគឺជា ការអនុវត្តនូវគោលការណ៍នីតិរដ្ឋ នៃសង្គមលទ្ធិប្រជាធិបតេយ្យ ក្នុងន័យការពារដល់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្លូររបស់បុគ្គលម្នាក់ៗ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដដែលរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «នេះការអនុវត្តនូវគោលការណ៍នីតិរដ្ឋ នៃសង្គមលទ្ធិប្រជាធិបតេយ្យ ក្នុងន័យការពារ ដល់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្លូររបស់បុគ្គលម្នាក់ៗ។ មិនគិតដល់សិទ្ធិសេរី​ភាព ឬក៏កិត្តិយសរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តំណាងឆន្ទះ របស់មហាជនឡើយ នេះជាអនុវត្តច្បាប់ជាការងារមួយ នៅក្នុងស្ថានភាពនីតិរដ្ឋ ក្នុងកិច្ចការពារសិទ្ធិមនុស្ស ដែលទទួលបាននូវសេចក្ដីថ្លៃថ្លូរ ក្នុងការរស់នៅ ប្រាសចាកពីការបំពានសិទ្ធិ ការចោទប្រកាន់ លាបព័ណ៌ ពីសំណាក់អ្នកណាមួយ ជាពិសេសអ្នកនយោបាយ»

សូមជំរាបថា នៅវេលាម៉ោងប្រមាណ១១៖៣០នាទីថ្ងៃនេះ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញហើយ ដើម្បីប្តឹងលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៉ី ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន​ ថាជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។

នៅក្នុងពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅខាងក្រោមថា៖ «ខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្តឹងសុំដូចខាងក្រោម៖

១៖ សុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ សម រង្ស៊ី តាមផ្លូវច្បាប់
២៖ ទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់១០០រៀល​ (មួយរយរៀល)»។

សូមជំរាបថា លោក សម រង្ស៉ី កាលពីថ្ងៃទី១០ ខែកក្កដា បានចេញមុខចោទរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយក្នុងឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីឃាតកម្មកើតឡើង។ ជុំវិញរឿងនេះរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យប្រធានគណបក្ស ប្រឆាំងនេះ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ជុំវិញការចោទប្រកាន់របស់ខ្លួន។

ដោយឡែកនាថ្មីៗនេះ តាមរយៈវិដេអូមួយស្តីពីការជួបពិភាក្សា ជាមួយសមាជិករបស់ខ្លួន លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៉ី ក៏បានចោទប្រកាន់ធ្ងន់ធ្ងរថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែម្តង។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់របស់ក្រុមមន្រ្តីបក្សប្រឆាំង មកលើរាជរដ្ឋាភិបាលនាពេលនេះ គឺជាទង្វើលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕