(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ប៊ូ ជាំងគូ (Bu Jianguo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ។

នៅក្នុងជំនួបនោះ ទាំងភាគីកម្ពុជា និងភាគីចិន បានអះអាងឲ្យដឹងថា កម្ពុជា-ចិន សន្យាពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ ក្រៅពីនោះភាគីទាំងបី បានសំឡឹងឃើញថា ជំនួយកម្ចីការផ្លាស់ប្តូរ ពាណិជ្ជកម្ម ការវិនិយោគការផ្លាស់ប្តូរ ទស្សនកិច្ច និងអ្នកទេសចរចិន មកទស្សនានៅកម្ពុជាមានការកើនឡើង គួរឲកត់សំគាល់។

លោកស្រី ប៊ូ ជាំងគូ បានសម្តែងនូវគារវកិច្ច ចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានអនុញ្ញាតឲ្យលោកស្រី ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាពេលនេះ។

លោកស្រីបានលើកឡើងអំពី បេសកកម្មការទូត ក្នុងរយៈពេល៣ឆ្នាំនៅកម្ពុជាថា លោកស្រីបានរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុ ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសនិង ប្រជាជនទាំងពីរ។ ជាពិសេស លោកស្រីបានចូលរួមកម្មវិធី សំខាន់ៗ ដូចជាការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល និងបើកការដ្ឋាននានាចំនួនជិត២០លើក ក្នុងនោះក៏មានការសម្ពោធអគារ ការិយាល័យ៣ខ្នង របស់សមាជិកព្រឹទ្ធសភា និងបើកការដ្ឋានសាងសង់អគារ ខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។

ក្នុងរយៈពេល៣ឆ្នាំនេះ លោកស្រីសង្កេតឃើញថា មានគណៈប្រតិភូមកពីខេត្ត ក្រុមហ៊ុន សហគ្រាសចិន ទាំងផ្នែករដ្ឋនិងឯកជន ជាច្រើន មកកាន់ប្រទេកម្ពុជា ក្នុងគោលបំណងដើម្បី បណ្តាក់ទុនវិនិយោគ ជាពិសេសខាងវិស័យកសិកម្មពីព្រោះកម្ពុជាមានសក្តា នុពលខ្លាំងខាងវិស័យនេះ។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតរយៈពេល៣ឆ្នាំ របស់លោកស្រីនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ។

ក្នុងនោះ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សំគាល់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិនកាន់តែសកម្មប្រកបដោយ លទ្ធផលល្អប្រពៃ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច គណៈប្រតិភូលើគ្រប់កម្រិត និងគ្រប់វិស័យ។

សម្តេចបានសម្តែងនូវសេចក្តីរីករាយ ដោយបានឃើញប្រទេសទាំងពីរ បានខិតខំពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងមានលទ្ធផលជាផ្លែផ្កា ដែលនាំមកនូវសន្តិភាព សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក៕