(ភ្នំពេញ)៖ កីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី ត្រូវប្រជែងទល់នឹងអត្តពលិកមកពីជុំវិញពិភពលោក ១៥ប្រទេស ប្រទេសផ្សេងទៀត ក្នុងការដណ្តើមដណ្តើមយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ Rio 2016 នៅប្រទេស ប្រេស៊ីល ដែលចាប់ផ្តើមសម្ពោធក្នុងសប្តាហ៍នេះហើយ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន និងជានាយកបេសកកម្មផងនោះបាន ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទពីប្រទេសប្រេស៊ីលថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នឹងប្រកួតកីឡាតេក្វាន់ដូ វិញ្ញាសាទម្ងន់ +៦៧គីឡូក្រាម ដែលមានអត្តពលិកមកពី១៦ប្រទេសចូលរួមក្នុង Olympic Games 2016 ដោយមាន កីឡាការិនីមកពីប្រទេសចិន នេប៉ាល់ ហ្វីលីពីន និងកម្ពុជា មកពីទ្វីបអាស៊ី។

លោកបានបន្តទៀតថា ក្រៅពីនេះមានមកពីប្រទេសអង់គ្លេស បារាំង ហូឡង់ ម៉ិចស៊ិក កូដឌីវ័រ ស៊ែប៊ី ន័រវ៉េ និងប្រទេស ផ្សេងៗទៀត ក្នុងការចូលរួមប្រកួតយកមេដាយ ដោយអត្តពលិកណាចាញ់ នឹងហាលអាវតែម្តង គ្រាដែលអ្នកឈ្នះ នឹង ឡើងទៅកាន់វគ្គ ៨នាក់ចុងក្រោយតែម្តង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ លើកទី៣១ នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៥ ដល់ថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០១៦ មានអត្តពលិកជាង ១០៥០០នាក់ មកពីជាង ២០០ប្រទេសចូលរួម ដើម្បីដណ្តើមយក មេដាយពីយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងទៅលើ ២៨ប្រភេទកីឡា ក្នុងនោះកម្ពុជា ក៏មាន៤ប្រភេទកីឡាចូល រួមនឹងគេដែរ គឺកីឡាតេក្វាន់ដូ ហែលទឹក អត្តពលកម្ម និងកីឡាចំបាប់៕