(សេអ៊ូល)៖ អតីតទីប្រឹក្សាជាន់ខ្ពស់ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបច្ចុប្បន្នជាទីប្រឹក្សាសំខាន់បំផុត សម្រាប់លោក ស្រី ហ៊ីលឡារី គ្លីនតុន នោះបាននិយាយថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គួរតែរៀបចំផែនការទុកឲ្យហើយទៅ សម្រាប់ស្ថានការណ៍អស្ថិរភាពណាមួយ ដែលនឹងបង្កឡើងដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយនៅមុន នេះបន្តិចដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។

លោក Kurt Campbell ទីប្រឹក្សាលោកស្រី ហ៊ីលឡារី គ្លីនតុន បានថ្លែងដូច្នេះថា «អ្វីដែលសំខាន់បំផុត សម្រាប់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងពេលនេះ គឺការត្រៀមខ្លួនសម្រាប់បញ្ហាអស្ថិរភាព និងភាពមិនច្បាស់លាស់នៅ កូរ៉េខាងជើង តាមរយៈការរៀបចំផែនការជាក់លាក់ និងកិច្ចសម្របសម្រួលនានាឲ្យហើយ។ វាជាការឆ្លើយតបទៅនឹងការ ផ្លាស់ប្តូរជាយកថាហេតុណាមួយ នៅតំបន់ឧបទ្វីបកូរ៉េ។ សម្ព័ន្ធមិត្តទាំងពីរ មានជំរើសតែពីរប៉ុណ្ណោះគឺ ត្រៀមខ្លួនឲ្យរួចជាស្រេច និងត្រៀមខ្លួនឲ្យបានខ្លាំងក្លាជាទីបំផុត»

គួរបញ្ជាក់ថា មន្ត្រីជំនាញអាមេរិកខាងលើនេះក៏បានរំលឹកពីការត្រៀមធ្វើសមយុទ្ធនានា រវាងអាមេរិកនិងកូរ៉េខាងត្បូង ផងដែរ ដើម្បីជាការបំប៉នកម្លាំងឲ្យបានពេញលេញ ក្នុងការទប់ទល់នឹងការបង្កហេតុណាមួយ ដោយកូរ៉េខាងជើង ចាប់តាំងពីការវាយប្រហារដោយកាំភ្លើងធំ រហូតការប្រើប្រាស់នុយក្លេអ៊ែរ ក៏ដូចការកើតមានជនភៀសខ្លួនបន្ទាប់ពីការ ប្រយុទ្ធគ្នា ឬក៏អាចកើតមាននូវការធ្វើអន្តរាគមន៍ ដោយយោធាទ្រង់ទ្រាយធំ របស់ប្រទេសចិនជាដើម៕