(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំមន្ទីរសាធារណៈការនិងដឹក ជញ្ជូនខេត្ត មន្ត្រីសាលាស្រុកសំរោងទង រួមទាំងមន្រ្តីជុំវិញសាលាខេត្ត ចុះអប់រំក្រុមអាជីវករ ដែលកំពុងយក​ចំណីផ្លូវ របស់រដ្ឋប្រើប្រាស់ រួមទាំងការអប់រំឲ្យក្រុមអាជីករ បោះចោលសំរាមឲ្យបានត្រឹមត្រូវ ដែលនាំឲ្យមានផលប៉ះពាល់ ដល់វិស័យទេសចរណ៏ និងបរិស្ថាន ផងដែរ។

លោក វ៉ី សំណាង បានថ្លែងទៅកាន់ ក្រុមអាជីវករ និងប្រជាពលរដ្ឋនៅទីប្រជុំជន នៃផ្សារ២គឺ ផ្សារត្រពាំងអំពិល និងផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ថា ការចូលរួមសម្អាតបរិស្ថាន គឺជារួមចំណែកកាត់បន្ថយផលប៉ះពាល់ បញ្ហាសុខភាព របស់បងប្អូនដែលរស់នៅក្បែៗនេះ និងមួយចំណែកបានជួយដល់ការ លើកស្ទួយវិសយ័ទេសចរណ៍ ការប្រឡងប្រណាំង (ទីក្រុងស្អាត)។

លោកអភិបាលខេត្ត បន្តថា ថ្ងៃនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាននាំមកនៅធុងសំរាម មួកសុវត្ថិភាព រួមទាំងគ្រឿងចក្រ មកកាយ​សម្អាតសំរាមតាមដងផ្លូវ ព្រោះចង់ឲ្យបងប្អូនជាក្រុមអាជីវករទាំងអស់ មានស្មារតីនាំគ្នាចូលរួមគោរព ស្តីពីការប្រើប្រាស់ផ្លូវថ្នល់ មិនត្រូវយកដីចំណីផ្លូវរបស់រដ្ឋ ទៅប្រើប្រាស់ ឬធ្វើអាជីវកម្មនោះទេ ម៉្យាងទៀតក្នុងនាមយើងជាពលរដ្ឋល្អ ត្រូវនាំស្រឡាញ់បរិស្ថាន ដែលកំពុងញាំញីយ៉ាងខ្លាំង នៅចំណុចផ្សារខាងលើនេះ។ បន្ថែមពីនេះ លោក​ក៏សូមអំពាវនាវ ចំពោះម្ចាស់ផ្សារ ក៏ជាក្រុមអាជីវករ មេត្តាបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ ដីចំណីផ្លូវរបស់រដ្ឋ ជាបន្ទាន់ ហើយស្តារឡើងវិញរាល់សកម្មភាព ធ្វើឲ្យខូចបរិស្ថាននៅចំណុច ខាងលើ មិនតែប៉ុណ្ណោះ គឺត្រូវធ្វើឡើងទាំងអស់គ្នា និងចូលរួមគោរពទាំងអស់គ្នា។

លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានលើកឡើង​ថា ដោយសារតែមើលឃើញរាល់សកម្មភាព របស់បងប្អូនជាក្រុមអាជីវករ មានការគោរពច្បាប់នៅមានកម្រិត លោកបានចាត់ចែងឲ្យមានការផ្សព្វផ្សាយរាល់ព្រឹក នៅចំណុចផ្សារ ទាំង២ខាងលើ ដើម្បីឲ្យពួកគាត់បានយល់អំពីច្បាប់ ការប្រើប្រាស់ផ្លូវ រួមទាំងការបោះស្លាកអប់រំទាំង ច្បាប់ស្តីពីបរិស្ថានថែមទៀត ក្នុងគោលបំណងឲ្យមានការចូលរួមឲ្យសកម្ម​ចំពោះបញ្ហាខាងលើនេះ។

លោកបានបញ្ជាក់ថា ធុងសំរាម​​៦០ធុង និងត្រូវដាក់ពង្រាយតាម ពីមុខផ្សារទាំង២ ហើយប្រគល់ឲ្យម្ចាស់ផ្សារជាអ្នកគ្រប់គ្រងថែទាំ ដោយឡែកមួកសុវត្តិភាព និងសៀវភៅច្បាប់ចរាចរណ៍ ក៏ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ផងដែរ។

សូមបញ្ជាក់ថា ជាញឹកញាប់នៅទីតាំងផ្សារខាងលើ មានការកកស្ទះចរាចរណ៍ ការលក់ដូរ ក៏មានរញ៉េរញៃ ខ្លាំងនៅពេលព្រឹកហើយបាន បោះចោលសំរាមពាសវាលពាសកាល ដែលធ្វើឲ្យដល់បរិស្ថានថែមទៀត មកទល់ពេលនេះគេបានសង្កេតឃើញថា ខាងមន្ទីរ សាធារណៈការខេត្ត បានយកគ្រឿងចក្រមកកាយយកសំរាម ដែលបង្កការស្ទះលូពេលភ្លៀងម្តង នោះចេញជាបន្តបន្ទាប់ទើបបាន ប្រសើរជាងមុនបន្តិច៕