(ភ្នំពេញ)៖ បន្ទាប់ពី​បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារ​កេរ្តិ៍លើសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​ បានសម្រេច​​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​លើ​លោក​ សម​ រង្ស៊ី​ ចំនួន​១០លាន​រៀល​ចូល​ថវិកា​រដ្ឋ​ និង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​ហេង​ សំរិន​ ចំនួន​១៥០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

សវនាការនេះមិនមានវត្តមាន​លោក សម​ រង្ស៊ី​ និងមេធាវីនោះទេ មានតែ​លោក​ គី​ តិច​ មេធាវី​តំណាងសម្តេចពញ្ញាចក្រី​ ហេង សំរិន​ ប្រធាន​រដ្ឋសភា។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហោះវីដេអូ ដោយបានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយកាលនោះថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»

រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម៕