(ចិន)​៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរទស្សនកិច្ច នៅទីក្រុងប៉េកំាង ដោយជោគជ័យ បន្ទាប់ពីបានជួបសវនាការ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិ​បត្តិ នៃសាធា​រណ​រដ្ឋប្រជាមានិតចិន ជាច្រើនរូបរួចមក។

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញ ពីទីក្រុងបេកំាង ឆ្ពោះទៅកាន់ខេត្តក្វាងស៊ី ដើម្បីបន្តដំណើរបំពេញទស្សនកិច្ច នៅទីនោះបន្តទៀត​។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញមកដល់អាកាសយានដ្ឋាន WU XU ទីក្រុងណាននីង ខេត្តក្វាងស៊ី នៅសៀលថ្ងៃដដែល។ នៅខេត្តក្វាងស៊ី ទឹកដីដ៏ស្រស់បំព្រង នៃសាធារណរដ្ឋប្រជាមានិតចិននេះ គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន បានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត រមណីដ្ឋានទេសចរណ៍ និងក្រុមហ៊ុនឧស្សាហកម្ម មួយចំនួន។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូបានអញ្ជើញទៅទស្សនាភ្នំឈីងសៀវ។ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ គណៈប្រតិភូ នឹងបន្តដំណើរទស្សនាក្រុមហ៊ុនសំខាន់ៗមួយចំនូន ដែលមាននៅក្នុងខេត្តក្វាងស៊ី បន្តទៀត ដូចជា ក្រុមហ៊ុនកសិកម្ម JIN SUI និងឧទ្យានឱសថបុរាណចិន(Medicine Garden) ។

សូមជម្រាបថាខេត្តក្វាងស៊ី ស្ថិតនៅភាគខាងត្បូងប្រទេសចិនជាប់ឈូងសមុទ្រប៉េប៊ូ និងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ប៉ែកនិរតី។ ក្វាងស៊ីជាខេត្តតែមួយរបស់ប្រទេសចិន ដែលមានផ្លូវគោក និងផ្លូវសមុទ្រភ្ជាប់តំបន់អាស៊ាន ហើយជាច្រកសេដ្ឋកិច្ចអន្តរជាតិសម្រាប់ តភ្ជាប់ចិននិងអាស៊ាន។ ខេត្តក្វាងស៊ី ជាតំបន់នាំមុខនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ទៀតផង។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នឹងជួបពិភាក្សាការងារជា​មួយ លោក Peng Qinghua ប្រធានគណបក្សកុម្មុយនីសចិន ខេត្តក្វាងស៊ី និងជាប្រធានសភាប្រជាជនខេត្តក្វាងស៊ី នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ផងដែរ៕