(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) ដែលជាសមាជិកគណៈកម្មការហិរញ្ញវត្ថុ (គណៈកម្មការទី២)នៃរដ្ឋសភា នឹងចូលប្រជុំជាមួយគណៈកម្មការនេះឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីតស៊ូមតិក្នុងការពិភាក្សា អំពីជំនួយរបស់សហគមន៍អឺរ៉ុប។ នេះបើតាមការប្រកាសរបស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះថា «នៅថ្ងៃស្អែក គណៈកម្មការទី២ នៃរដ្ឋសភា ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នឹងមានកិច្ចប្រជុំមួយ ដើម្បីធ្វើសវនការជាមួយ ក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុប ដើម្បីធ្វើការវាយតម្លៃលក្ខណៈវិនិច្ឆ័យ ដែលអាចទទួលយកបានសម្រាប់ថវិកាគាំទ្រសម្រាប់ឆ្នាំ២០១៦ គណបក្សសង្រ្គោះជាតិ ដែលមានសមាជិកក្នុងគណៈកម្មការទី២ នឹងចូលរួមប្រជុំក្នុងគណៈកម្មការទី២ នៅវិមានរដ្ឋសភា នៅម៉ោង៨៖៣០ ព្រឹកស្អែក ដើម្បីតស៊ូមតិ»

លោកបានបន្ថែមថា ការចូលប្រជុំនៅថ្ងៃស្អែកនេះ គឺដើម្បីជំរុញឱ្យមានតម្លាភាព និងគណនីភាព ក្នុងការយកជំនួយទាំងនោះមកគ្រប់គ្រងដឹកនាំប្រទេសជាតិ។

Fresh News មិនអាចទំនាក់ទំនង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដើម្បីសាកសួរបន្ថែម បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នេះជាលើកទី២ហើយ ដែលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចាប់ផ្តើមធ្វើកិច្ចការឡើងវិញនៅក្នុងរដ្ឋសភា ចាប់តាំងពីក្រុមតំណាងរាស្រ្ត គណបក្សនេះធ្វើពហិការ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការអនុវត្តនីតិវិធីទៅលើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពីបទមិនចូលខ្លួនក្នុងនាមជាសាក្សីរឿងសញ្ចារកម្ម ជាលើកទី២។ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ សមាជិកគណបក្សប្រឆាំង ក៏បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈដកអភ័យឯកសិទ្ធិ តំណាងរាស្រ្ត២រូបរបស់ខ្លួន ដែលស្នើដោយក្រសួងយុត្តិធម៌៕